បច្ចុប្បន្ន Gautam Adani គឺកំពុងឡើងកូដខ្លាំង ពោលទ្រព្យសម្បត្តិហូរចូលដូចទឹក ត្រឹមតែមួយឆ្នាំប៉ុណ្ណោះទំហំទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជាង ៣ ដង ហើយបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes មហាសេដ្ឋីឥណ្ឌាកំពុងឈរនៅលេខ ៣ ជាអ្នកមានបំផុតក្នុងលោក។
ថ្មីៗនេះ ស្ដេចត្រាញ់ប្រចាំទ្វីបអាស៊ីបានបន្ថែមទុនលើមុខជំនួញរបស់ខ្លួនជាច្រើនហើយក្នុងនោះ លោកបានចាយលុយជាង ២,៥ ពាន់លានដុល្លារ ឬប្រមាណ ២០០ ពាន់លានរូពីទៅក្នុងក្រុមហ៊ុនស៊ីម៉ងត៍ ដោយមានបំណងឲ្យកូនប្រុសមកមើលការខុសត្រូវ។
យោងតាមការចុះផ្សាយពី Thenationalnews បានឲ្យដឹងថា លោក Adani បានចុចឈ្មោះកូនច្បង Karan Adani ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ Ambuja Cements និង ACC ខណៈរូបលោកកាន់តំណែងជាប្រធានក្រុមហ៊ុនទាំង ២។
សូមជម្រាបដែរថា ក្រោយ Adani Group បានទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ខាងលើហើយ ពួកគេបានក្លាយជាអ្នកផលិតស៊ីម៉ងត៍ធំបំផុតទី ២ ប្រចាំប្រទេសឥណ្ឌា ស្របពេលការទិញយកមួយនេះ គឺជាការចំណាយធំបំផុតរបស់ Adani ពោលគឺបានចាយអស់ជិត ១១ ពាន់លានដុល្លារ៕