ក្រុមហ៊ុន Starlink គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតដែលបង្កើតឡើងដោយមហាសេដ្ឋីមានបំផុតលើលោក Elon Musk ហើយថ្មីៗនេះលោកបានប្រកាសថា គ្រប់ទ្វីបនៅលើពិភពលោកគឺអាចប្រើប្រាស់សេវាកម្មរបស់ Starlink បាន មិនថាសូម្បីតែនៅទ្វីបអង់តាកទិក។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ ផ្កាយរណបថ្មីរបស់ Starlink ចំនួន ៥៤ ត្រូវបានបង្ហោះទៅកាន់លំហអាកាស ដើម្បីអាចធានាដល់ការផ្គត់ផ្គង់អ៊ីនធឺណិតគ្រប់ទីកន្លែង ខណៈល្បឿនអ៊ីនធឺណិតរបស់វាគឺ 17 Mbps ហើយមនុស្សប្រមាណ ១ ០០០ នាក់នៅទ្វីបអង់តាកទិកដែលកំពុងប្រើប្រាស់សេវាកម្មមួយនេះ បានបង្ហើបថា មិនទាន់ជួបបញ្ហារអាក់រអួលអ្វីឡើយ។
សូមជម្រាបដែរថា គិតមកត្រឹមពេលនេះ ផ្កាយរណប Starlink ច្រើនជាង ៣ ០០០ កំពុងបង្ហោះនៅលំហអាកាស ហើយក្រុមហ៊ុនទម្លាយថា នឹងបង្ហោះបន្ថែមទៀតនាពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការប្រើប្រាស់អ៊ីនធឺណិតនៅលើផែនដី។
នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតរបស់មហាសេដ្ឋីអាមេរិក ដ្បិតកន្លងមក Starlink ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាជនអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម ដ្បិតគ្រានោះ Elon Musk ប្រកាសផ្ដល់សេវាកម្មអ៊ីនធឺណិតដល់ពួកគេដោយឥតគិតថ្លៃ៕