ឡាវ គ្រោងចាយទុនជាង ២ ពាន់លានដុល្លារ សង់គម្រោងថាមពលបន្ថែម ដើម្បីនាំចេញទៅវៀតណាម

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសឡាវ និងក្រុមហ៊ុនថាមពលដែលពាក់ពន្ធ គ្រោងនឹងចំណាយទឹកប្រាក់ជាង ២ ពាន់លានដុល្លារ សាងសង់គម្រោងថាមពលដើរដោយកម្លាំងខ្យល់ នៅក្នុងស្រុកសេផុន ខេត្តសុវណ្ណាកេត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសវៀតណាមផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធំៗ បានរាយការណ៍ឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក Sathabandith Insisiengmay និងក្រុមហ៊ុន Savan Vayu Renewable Comapany រួមជាមួយក្រុមហ៊ុន LTM Laos កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់មួយ ដើម្បីពិនិត្យមើលទៅលើលទ្ធភាពនៃគម្រោងថាមពលដើរដោយកម្លាំងខ្យល់ នៅក្នុងតំបន់ ។

គួរឱ្យដឹងថា គម្រោងរោងចក្រថាមពលខ្យល់ថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីមានសមត្ថភាពផលិតថាមពល ១ ២០០ មេហ្គាវ៉ាត់ ជាមួយតម្លៃក្នុងការសាងសង់គិតជាទឹកប្រាក់ប្រមាណ ២,១៥ ពាន់លានដុល្លារ ហើយវាត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ជាផ្លូវការ នៅចុងឆ្នាំ ២០២៥ ។

បញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្នុងវិស័យថាមពល ដែលត្រូវបានដាក់ឱ្យដំណើរការ តាំងពីឆ្នាំ ២០១៦ មកម្លេះ ៕