អូស្ត្រាលី អះអាងថាគ្មានការហាមឃាត់ភ្ញៀវទេសចរពីរុស្ស៊ី នោះឡើយ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអូស្ត្រាលី នៅតែអនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ី ធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួនបាន បើទោះបីបច្ចុប្បន្ន កំពុងដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើអ៊ុយក្រែនក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីមានជម្លោះឡើងមក អូស្រ្តាលី បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីរាប់រយនាក់ រួមទាំងវិស័យធនាគារមួយចំនួនធំរបស់រុស្ស៊ី ក៏ដូចជាអង្គការទាំងអស់ ដែលទទួលខុសត្រូវលើបំណុលអធិបតេយ្យរបស់ប្រទេសនេះផងដែរ ។

ជាងនេះទៅទៀត អូស្ត្រាលី ក៏បានផ្គត់ផ្គង់សព្វាវុធ និងផ្តល់ជំនួយមនុស្សធម៌ជាច្រើន ដល់អ៊ុយក្រែន ស្របពេលពួកគេក៏បានផ្អាកការនាំចេញអាលុយមីញ៉ូម រួមទាំងសារធាតុ Bauxite ទៅកាន់ប្រទេសរុស្ស៊ីទៀតផង ។

យ៉ាងណាក៏ដោយ នៅពេលសួរថា តើអូស្រ្តាលី នឹងហាមឃាត់អ្នកទេសចររុស្ស៊ីដែរឬទេ ខណ:លោក Marles បានឆ្លើយតបវិញថា ការដាក់ទណ្ឌកម្មរបស់ខ្លួន គឺសំដៅតែលើរដ្ឋាភិបាលរុស្ស៊ីប៉ុណ្ណោះ មិនមែនប្រជាជនរុស្ស៊ីនោះឡើយ ។

បន្ថែមពីលើនេះ លោក Marles បានសង្កត់ធ្ងន់ទៀតថា អូស្ត្រាលី នឹងនៅតែបន្តផ្តល់ជំនួយជាបន្តបន្ទាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយកាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលទីក្រុងស៊ីដនី បានសន្យាផ្តល់ជំនួយជារថយន្តយោធា ៦០ គ្រឿង និងរថពាសដែកប្រភេទ M113AS4 ចំនួន ២៤ គ្រឿង ដែលជាផ្នែកមួយនៃជំនួយយោធាតម្លៃ ៣៨៥ លានដុល្លារអូស្ត្រាលី របស់ខ្លួន ៕