នៅថ្ងៃទី ១៩ កញ្ញានេះ សារព័ត៌មានរដ្ឋបានចុះផ្សាយថា ចិននឹងបង្កើនផលិតផលនាំចូលកសិកម្មពីប្រទេសវៀតណាម ក៏ដូចជាធានាសម្រួលដល់ការដឹកទំនិញតាមច្រកព្រំដែនរវាងប្រទេសទាំង ២ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ចិនក៏នឹងហ៊ានពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមឲ្យកាន់តែធំជាងមុន និងគ្រោងបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំង ២ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ ស្របពេលការបន្ធូរបន្ថយលើការរឹតបន្តឹងច្បាប់កូវីដអាចនឹងលើកលែងថែមទៀត។

សូមជម្រាបដែរថា យោងតាមទិន្នន័យចុះផ្សាយដោយ OEC បានឲ្យដឹងថា គិតពីខែកក្កដាឆ្នាំទៅ រហូតដល់ត្រឹមខែកក្កដាឆ្នាំនេះ ទំហំនៃការនាំចេញផលិតផលពីវៀតណាមទៅចិនកើនឡើង ៦,៦១% ពោលកើន ពី ៦,២៥ ដល់ ៦,៦៧ ពាន់លានដុល្លារ។

ដោយឡែក Zawya វិញក៏បានព្យាករណ៍ពីការនាំចេញរបស់វៀតណាមឆ្នាំនេះផងដែរ ពោលពួកគេសន្និដ្ឋានថា ការនាំចេញរបស់វៀតណាមឆ្នាំនេះអាចកើន ៩,៤៦% ឬអាចដល់ ៣៦៨ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ៕