កាលពីថ្ងៃពុធកន្លងទៅ មូលនិធិ The Global Fund បានប្រកាសថា ពួកគេនឹងចាប់ផ្ដើមធ្វើកម្មវិធីរៃអង្គាសប្រាក់ជាសកល ដោយមានប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាអ្នកបើកកម្មវិធី ជាមួយនឹងគោលបំណងរៃអង្គាសឲ្យបានយ៉ាងតិច ១៨ ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កម្មវត្ថុចំបងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ស្របពេលកម្មវិធីនេះគឺជាការរៃអង្គាសប្រាក់ធំបំផុត បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង ចំពេលមានជំងឺរាតត្បាតកូវីដ ១៩។
ដោយឡែក បើយោងតាមសម្ដីអ្នកនាំពាក្យ Francoise Vanni បានប្រាប់ AFP ថា គិតមកទល់ពេលនេះពួកគេទទួលបានទឹកប្រាក់ប្រហែលពាក់កណ្ដាលនៃចំនួនដែល Global Fund ត្រូវការហើយ ពោលប្រហែល ១,៣ ពាន់លានដុល្លារបានពីអាល្លឺម៉ង់ ៦ ពាន់លានដុល្លារពីអាមេរិក និងជាង ១ ពាន់លានដុល្លារពីជប៉ុន។

អ្នកស្រី Vanni ក៏បានបញ្ជាក់ទៀតថា ទឹកប្រាក់ដែលបានមកពីការរៃអង្គាសទាំងនេះ គឺនឹងជម្រុញដល់ការបញ្ចប់ជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងឆ្នាំ ២០៣០ ហើយក៏នឹងអាចជួយជីវិតមនុស្សពីជំងឺទាំងនេះយ៉ាងតិច ២០ លាននាក់ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ៕