ចិន និយាយថាខ្លួនមានឆន្ទ:ផ្សះផ្សា ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនមានឆន្ទ: ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យមានការបង្រួបបង្រួម ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ចិនបានទាមទារឱ្យតៃវ៉ាន់ ស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រជាធិបតេយ្យភាព ក្នុងនាមជាទឹកដីរបស់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោលចំពោះការទាមទារនេះ ហើយនិយាយថាមានតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន ។

មិនតែប៉ុណ្ណោះ ចិនបាននិងកំពុងធ្វើសមយុទ្ធយោធា នៅជិតកោះតៃវ៉ាន់ ចាប់តាំងពីដើមខែមុនមក បន្ទាប់ពីការមកដល់របស់ប្រធាសភាអាមេរិក លោកស្រី Nancy Pelosi សម្រាប់ការធ្វើទស្សនកិច្ចនៅក្នុងទីក្រុងតៃប៉ិ ដែលបានធ្វើឱ្យរដ្ឋាភិបាលចិនខឹងសម្បារយ៉ាងខ្លាំង និងថែមទាំងបានបាញ់បង្ហោះមីស៊ីល ចូលទៅក្នុងដែនទឹក​ក្បែរ​កោះនោះថែមទៀតផង ។

ប៉ុន្តែថ្មីៗនេះ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា ប្រទេសចិន មានឆន្ទ:ក្នុងការធ្វើយ៉ាងណា ដើម្បីសម្រេចបានការបង្រួបបង្រួម ដោយសន្តិវិធីជាមួយតៃវ៉ាន់ ។

លើសពីនេះ លោក Ma បាននិយាយថា មាតុភូមិត្រូវតែបង្រួបបង្រួមគ្នាឡើងវិញ ហើយនឹងត្រូវ​ផ្សះផ្សា​គ្នាវិញ ដោយចៀសមិនរួច ខណ:លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការការពារទឹកដីរបស់ខ្លួន គឺនឹងមិនផ្លាស់ប្តូរនោះឡើយ។

ជម្រាបផងដែរថា ប្រទេសចិន មិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធា ដើម្បីព្យាយាមយកតៃវ៉ាន់ មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ ខណ:កាលពីឆ្នាំ ២០០៥ រដ្ឋាភិបាលប្រទេសនេះ បានអនុម័តលើច្បាប់ សម្រាប់សកម្មភាពយោធាប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើកោះនេះ ព្យាយាមបំបែកខ្លួនពីចិននោះ ៕