ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា មន្ត្រីនៅទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន កាលពីថ្មីៗនេះ បានចាប់ផ្តើមអនុម័តទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួនប្រាំបី ជាមួយនឹងទំហំទឹកប្រាក់វិនិយោគសរុបចំនួន ១,៨ ទ្រីលានយ៉ន់ ឬ ២៥៧ ពាន់លានដុល្លារ ។
ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យមានភាពប្រសើឡើងវិញនៃសេដ្ឋកិច្ចទីក្រុងធំបំផុតរបស់ប្រទេសចិនមួយនេះ បន្ទាប់ពីសេដ្ឋកិច្ចទីក្រុងសៀងហៃ បានធ្លាក់ចុះដល់ ១៣,៧% នៅក្នុងត្រីមាសទី ២ ឆ្នាំនេះ ក្រោយពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលនាំឱ្យមានការបិទខ្ទប់ទីក្រុងទាំងស្រុង នៅខែមេសា និងឧសភាកន្លងទៅ ។
ជម្រាបផងដែរថា ស្ថានភាពបែបនេះ បាននាំឱ្យទីក្រុងសៀងហៃ ទទួលរងនូវការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជំបំផុត ក្នុងចំណោមតំបន់ថ្នាក់ខេត្តទាំងអស់ របស់ប្រទេសចិន ។
យ៉ាងណាមិញ សម្រាប់ការជំរុញទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងសៀងហៃនេះ ត្រូវបានគាំទ្រជាពិសេស ដោយអ្នកបង្កើតគោលនយោបាយជាតិ ដើម្បីស្តារកំណើនសេដ្ឋកិច្ច ដែលមានភាពយឺតយ៉ាវ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែជំងឺកូវីដ ១៩ រួមទាំងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ក៏ដូចជាការធ្លាក់ចុះនៃបម្រើបម្រាស់ក្នុងស្រុក និងទស្សនវិស័យពាណិជ្ជកម្មផងដែរ ។
មិនតែប៉ុណ្ណោះ សម្រាប់គម្រោងហេដ្ឋរចនាសម្ព័ន្ធទាំង ៨ ដែលនឹងត្រូវធ្វើការវិនិយោគនោះ រួមមាន មជ្ឈមណ្ឌលដឹកជញ្ជូន នៅតំបន់ Pudong ភាគខាងជើងទីក្រុងសៀងហៃ ផ្លូវរថភ្លើងក្នុងទីក្រុង ការកែលម្អលំនៅដ្ឋាន ក៏ដូចជាគម្រោងបង្កើតរោងចក្រថាមពលខ្យល់នៅឆ្នេរសមុទ្រ និងឧទ្យានធម្មជាតិជាដើម ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយរដ្ឋាភិបាលទីក្រុងសៀងហៃ ។
ជាងនេះទៅទៀត រដ្ឋាភិបាលក្រុងសៀងហៃ បាននិយាយថា ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ មានការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង ជាមួយនឹងកិច្ចសន្យាដែលបានចុះហត្ថលេខាសម្រាប់គម្រោងធំៗចំនួន ៥៩៧ ចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកញ្ញា ជាមួយនឹងការវិនិយោគចំនួន ៩៤១ ពាន់លានយ៉ន់ ហើយក្នុងចំណោមនោះ មាន ២៩៦ គម្រោងហើយ បានចាប់ផ្តើមសាងសង់ ៕