កន្លងមកងារជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោក គឺសុទ្ធតែមានវ័យលើស ២០ ឆ្នាំ ប៉ុន្តែថ្មីៗនេះយុវតីជនជាតិកូរ៉េខាងត្បូងដែលមានវ័យត្រឹម ១៨ ឆ្នាំ បានទទួលតំណែងជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោក ក្រោយនាងបានទទួលមរតកពីឪពុក។

យោងតាមការចុះផ្សាយពី Economictimes បានឲ្យដឹងថា Kim Jung-youn គឺជាកូនស្រីរបស់ស្ថាបនិក Nexon លោក Kim Jung-ju ដែលបានចែកឋានទៅកាលពីខែកុម្ភៈ ក្នុងអាយុ ៥៤ ឆ្នាំ ហើយក៏បានបន្សល់ទុកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដល់កូនស្រី និងភរិយាផងដែរ។
ដោយឡែក បើតាម Forbes វិញក៏បានរាយការណ៍បន្ថែមដែរថា ភរិយារបស់លោក Kim គឺបានក្លាយជាមហាសេដ្ឋីមុនពេលលោកចែកឋានទៅទៀត ដ្បិតអ្នកស្រីមានភាគហ៊ុនធំបំផុតមួយនៅក្រុមហ៊ុន។

ចំណែកឯទ្រព្យសម្បត្តិដែលកូនស្រីលោក Kim នឹងទទួលបានគឺមានប្រហែល ២,៥ ពាន់លានដុល្លារ ប៉ុន្តែដោយសារពន្ធនៃច្បាប់ផ្ទេរមរតកគឺមានទំហំធំធេង ពោលគឺត្រូវបង់ពន្ធប្រមាណ ១,៥ ពាន់លានដុល្លារ ដូច្នេះទ្រព្យសម្បត្តិដែលនៅសេសសល់គឺប្រមាណ ១ ពាន់លានដុល្លារ។
សូមជម្រាបដែរថា កញ្ញា Kim Jong-youn គឺជាមនុស្សមានឯកជនភាពតឹងរ៉ឹងបំផុត សូម្បីតែព័ត៌មានផ្ទាល់ខ្លួនរបស់នាងក៏ពិបាកក្នុងការស្វែងរកលើប្រព័ន្ធអ៊ីនធឺណិតផងដែរ៕