កាលពីថ្ងៃព្រហស្បតិ៍កន្លងតៅ ក្រុមហ៊ុន Toyota Motor Corp បានបង្ហើបថា ពួកគេមានគម្រោងនឹផលិតរថយន្តប្រហែល ៨០០ ០០០ គ្រឿងទូទាំងសកលលោកនៅខែតុលា ដែលចំនួនមួយនេះគឺតិចជាងរាល់ខែប្រមាណ ១០០ ០០០ គ្រឿង។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនជប៉ុនសម្រេចផលិតរថយន្តតិចជាងរាល់ខែបែបនេះ គឺដោយសារកង្វះខាតបន្ទះឈីបរថយន្ត។
សូមជម្រាបដែរថា Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលើលោក បើតាមរបាយការណ៍ផ្នែកលក់របស់ពួកគេ ហើយកាលពីខែមុនពួកគេមានបំណងចង់ផលិតរថយន្ត ៩០០ ០០០ គ្រឿងពីខែកញ្ញាដល់វិច្ឆិកា។

ប៉ុន្តែដោយសារកង្វះខាតបន្ទះឈីប ធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តថា នឹងបន្ថយចំនួនមកត្រឹម ៨៥០ ០០០ គ្រឿងក្នុងមួយខែចន្លោះពីខែតុលា ដល់ធ្នូ។ យ៉ាងណា Toyota នៅតែប្រកាន់ខ្ជាប់ជំហរផលិតរថយន្តឲ្យបាន ៩,៧ លានគ្រឿងទូទាំងសកលលោក រហូតដល់ខែមីនា ២០២៣ ផងដែរ៕