ក្រុមហ៊ុនខ្នាតយក្សវៀតណាមជាច្រើន នាំគ្នាចាក់លុយរាប់លានដុល្លារ ក្នុងអាជីវកម្ម​ចិញ្ចឹម​ជ្រូក

អន្តរជាតិ

ដោយសារតែតម្រូវការសាច់ជ្រូក ត្រូវបានគេរំពឹងខ្ពស់ថានឹងមានការកើនឡើងក្នុងរយ:ពេលខ្លី ក្រុមហ៊ុនខ្នាតយក្សរបស់វៀតណាមជាច្រើន កំពុងនាំគ្នាចាក់លុយចូលរាប់លានដុង ទៅក្នុងការបើកកសិដ្ឋានចិញ្ចឹមជ្រូក ជាមួយនឹងតម្លៃទីផ្សារប៉ាន់ស្មានថាមានរហូតដល់ ១៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ថ្មីៗនេះពីក្រុមហ៊ុន Fitch Solutions បាននិយាយថា តម្រូវការសាច់ជ្រូកសរុប នៅក្នុងប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងកើនឡើងជាង ២៥% ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២៦ ។

ហើយការចិញ្ចឹមជ្រូក បានក្លាយជាអាជីវកម្មដ៏ទាក់ទាញបំផុតមួយ ដោយសារតែសាច់ជ្រូក គឺជាប្រភេទសាច់សំខាន់ ដែលត្រូវប្រើប្រាស់នៅក្នុងម្ហូបអាហាររបស់ជនជាតិវៀតណាម ដែលស្មើនឹងប្រហែល ២/៣ នៃការប្រើប្រាស់សាច់សរុប ។

ប្រភពខាងលើ បានបង្ហាញទៀតថា នៅឆ្នាំ ២០២៦ ប្រជាជនវៀតណាមម្នាក់ៗ អាចនឹងទទួលទានសាច់ជាមធ្យមច្រើនជាង ៥១ គីឡូក្រាម ក្នុងមួយឆ្នាំ ដែលកើនឡើង ៩% បើប្រៀបធៀបទៅនឹងការរំពឹងទុកក្នុងឆ្នាំនេះ ដោយក្នុង​នោះ សាច់​ជ្រូក ៣១​គីឡូក្រាម មាន់​ជាង ១៦​គីឡូក្រាម និង​សាច់គោ​ជាង ៤​គីឡូក្រាម។

លើសពីនេះ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Thaiholdings JSC បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Thaigroup បានសហការជាមួយភាគីទីបី ដើម្បីវិនិយោគទឹកប្រាក់ចំនួន ៦០០ ពាន់លានដុង (២៥,៣ លានដុល្លារអាមេរិក) នៅក្នុងគម្រោងចិញ្ចឹមជ្រូក នៅក្នុងខេត្ត Thanh Hoa ។

ជាងនេះទៅទៀត កាលពីមុន មានក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកជាច្រើន ក៏បានចាក់បញ្ចូលលុយរាប់លានដុង ទៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកផងដែរ ដោយក្នុងនោះ រួមមានក្រុមហ៊ុន Hoang Anh Gia Lai JSC , ក្រុមហ៊ុន Hoa Phat Group , ក្រុមហ៊ុន Hoang Anh Gia Lai Agriculture JSC និង Truong Hai Group ជាដើម ៕