កាលពីឆ្នាំទៅ វិស័យបច្ចេកវិទ្យាមានផ្ទុះការគាំទ្រជាខ្លាំង ហើយក៏បានជួយដល់បុគ្គលជាច្រើនឲ្យក្លាយជាអ្នកមានស្ដុកស្ដម្ភផងដែរ ប៉ុន្តែសម្រាប់ឆ្នាំនេះសេដ្ឋកិច្ចពិភពលោកហាក់ជួបប្រទះបញ្ហាមួយចំនួន បណ្ដាលឲ្យផ្សារហ៊ុនមានសភាពមិនប្រក្រតី ហើយភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាធំៗក៏ដាំក្បាលចុះមិនតិចផងដែរ។

យោងតាមរបាយការណ៍ពី Forbes បានឲ្យដឹងថា កាលពីឆ្នាំទៅអាមេរិកមានមហាសេដ្ឋីរកស៊ីលើវិស័យបច្ចេកវិទ្យាប្រមាណ ៦៥ នាក់ ប៉ុន្តែនៅក្នុងឆ្នាំនេះ ទ្រព្យសម្បត្តិរបស់មនុស្ស ៥០ នាក់ក្នុងចំណោមនោះ មានការថមថយតិចជាងឆ្នាំមុន។

ក្នុងចំណោមអ្នកខាតបង់ច្រើនជាងគេ គឺមហាសេដ្ឋី Jeff Bezos ដែលរបូតលុយជាង ៥០ ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុន Amazon ធ្លាក់ចុះ ២៧% បណ្ដាលឲ្យលោករបូតតំណែងកំពូលនេះបញ្ជី Forbes 400 ជាលើកដំបូងតាំងពីឆ្នាំ ២០១៨។

សូមជម្រាបដែរថា ការខាតបង់ប្រមាណ ៣១៥ ពាន់លានដុល្លារសរុបពីមហាសេដ្ឋីអាមេរិករកស៊ីលើវិស័យបច្ចេកវិទ្យា គឺមិនបានរាប់ស្ថាបនិក Meta លោក Mark Zuckerberg ឡើយ ដោយសារ Forbes ចាត់ទុក “បណ្ដាញសង្គម” ស្ថិតក្នុងជាផ្នែកមួយនៃវិស័យប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត៕