ក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃអង្គារទី ២៧ ខែកញ្ញានេះថា រដ្ឋាភិបាលថៃ គ្រោងនឹងអនុម័តទៅលើប្រាក់កម្ចីថ្មី ក្នុងចំនួនប្រហែល ៩២០ ពាន់លានបាត (២១,៦៤ ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាទៅ ។
ផែនការបំណុលសរុប ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនេះ ក៏នឹងរួមបញ្ចូលទាំងប្រាក់កម្ចីផ្សេងទៀតចំនួន ២៣៣ ពាន់លានបាត ដែលខ្ចីដោយសហគ្រាសរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតផងដែរ។
សម្រាប់ផែនការបំណុលឆ្នាំ ២០២៣ នេះ នឹងផ្តោតលើការជំរុញសេដ្ឋកិច្ច តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងពិភពលោក រួមទាំងបង្ការភាពចលាចល អាចកើតឡើងដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។
ជម្រាបផងដែរថា រដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីជួយសម្រាលផលប៉ះពាល់លើការកើនឡើងតម្លៃប្រេងខ្ពស់ និងការកើនឡើងតម្លៃរស់នៅរបស់ប្រជាពលរដ្ឋ ខណៈអតិផរណាក្នុងប្រទេសនេះ បានឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith បានបង្ហាញការរំពឹងទុកថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងកើនឡើងចន្លោះពី ៣% ទៅ ៣,៥% នៅឆ្នាំនេះ។
ជាងនេះទៅទៀត បំណុលសាធារណ:របស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងមានចំនួន ៦០,៤៣% នៃផលិតផលក្នុងស្រុកសរុប នៅដំណាច់ឆ្នាំសារពើពន្ធ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែស្ថិតនៅក្នុងកម្រិតមួយ ដែលអាចឱ្យរដ្ឋាភិបាលថៃ បន្តអនុម័តប្រាក់កម្ចីបន្ថែមទៀតបាន ៕