កាលពីថ្ងៃទី ២៨ កញ្ញាកន្លងទៅ ក្រុមហ៊ុន Telsa បានទម្លាយថា សហស្ថាបនិក Airbnb Inc លោក Joseph Gebbia បានចូលរួមជាមួយខ្លួន ដោយទទួលបានតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើលោក។

ការចូលរួមរបស់មហាសេដ្ឋីខាងលើ គឺបានធ្វើឡើងក្រោយមហាសេដ្ឋី Larry Ellison សហស្ថានិក Oracle Inc បានប្រកាសដើរចេញពីកៅអីក្រុមប្រឹក្សាភិបាលកាលពីខែសីហា ខណៈ Tesla ធ្លាប់បង្ហើបកាលពីខែមិថុនាថា មានគម្រោងចង់បង្កើតក្រុមប្រឹក្សាភិបាលដែលមានសមាជិក ៧ នាក់។

គាប់ជួន កាលពីខែកក្កដាកន្លងទៅ មហាសេដ្ឋីដែលជាសហស្ថាបនិក Airbnb បានទម្លាយថា លោកនឹងលែងធ្វើការពេញម៉ោងតទៀត ពោលគឺនឹងមើលការខុសត្រូវបន្តិចបន្តួចចំពោះតែបញ្ហាសំខាន់ៗ និងចង់យកពេលទៅធ្វើរឿងផ្សេងវិញ។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិកដែលជាចំណូលថ្មីនៃក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុន Telsa មានប្រមាណ ៧,២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes៕