ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាងវៀតណាម ត្រូវបានមើលឃើញថាកំពុងរក្សាកំណើនបានយ៉ាងល្អ ដោយក្នុងរយ:ពេលត្រឹម ៨ ខែដំបូង នៃឆ្នាំ ២០២២ នេះ អាចសម្រេចបានរហូតដល់ទៅ ៧,៧ ពាន់លានដុល្លារ ។
យោងតាមនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញទំនិញពីប្រទេសរបស់ខ្លួន ទៅកាន់កម្ពុជា បានកើនឡើង ៣២% ដល់ចំនួន ៤,១ ពាន់លានដុល្លារ ។
សម្រាប់ទំនិញសំខាន់ជាងគេ ដែលវៀតណាម នាំចេញទៅកាន់កម្ពុជា គឺរ៉ែដែក និងដែកថែប ដែលមានចំនួន ១៧% នៃទំនិញសរុបទាំងអស់ និងបន្ទាប់មកគឺសម្លៀកបំពាក់ និងប្រេងឥន្ធន: ។
ដោយឡែក សម្រាប់ទំនិញដែលកម្ពុជា នាំចូលមកកាន់វៀតណាមវិញ គឺបានកើនឡើងបន្តិចបន្តួច ក្នុងចំនួន ៣,៦ ពាន់លានដុល្លារ ដោយក្នុងនោះភាគច្រើនជាកៅស៊ូ និងស្វាយចន្ទី ដែលជាទំនិញដ៏សំខាន់ ។
ជម្រាបឱ្យផងដែរថា កម្ពុជាជាដៃគូពាណិជ្ជកម្មធំទីបី របស់វៀតណាម ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសថៃ និងសិង្ហបុរី ៕