ចិន នឹងផ្តល់ប្រាក់កម្ចី ៤២ ពាន់លានដុល្លារ​បន្ថែម សម្រាប់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេស

អន្តរជាតិ

ប្រទេសចិន ថ្មីៗនេះ បានធ្វើការផ្តល់ជូនប្រាក់កម្ចីបន្ថែមចំនួន ៣០០ ពាន់លានយ៉ន់ (៤២ ពាន់លានដុល្លារ) ដែលនឹងត្រូវប្រើប្រាស់ ដើម្បីបម្រុងទុកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស តាមរយ:ធនាគាររដ្ឋចំនួន ៣ ។ នេះបើតាមកាសែតផ្លូវការ Securities Times បានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្កើនមូនិធិនេះ គឺជាផ្នែកមួយនៃការគាំទ្រដោយអ្នកបង្កើតគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនឡើងវិញ តាមរយ:ការលក់ចេញនូវមូលបត្របំណុល ដើម្បីផ្តល់មូលនិធិដល់គម្រោងការងារសាធារណ:ធំៗ ។

បើតាមកាសែត Securities Times បានបង្ហាញថា​មូលនិធិ​ចំនួន ៣០០ ពាន់លានយ៉ន់នេះ នឹងត្រូវផ្តល់ជូនតាមរយ:ធនាគាររដ្ឋបីផ្សេងគ្នា ដោយក្នុងនោះ ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន បានផ្តល់ទឹកប្រាក់ចំនួន ៥០ ពាន់លានយ៉ន់ សម្រាប់មូលនិធិទាំងស្រុងលើគម្រោងសំខាន់ៗចំនួន ១០៦។

ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន បានផ្តល់ប្រាក់កម្ចីចំនួន ១០០ ពាន់លានយន់ លើគម្រោងចំនួន ៧៣២ ខណ:ធនាគារអភិវឌ្ឍន៍ចិន បានផ្តល់ជូនប្រាក់កម្ចីចំនួន ១៥០ ពាន់លានយ៉ន់ លើគម្រោងចំនួន ៤២១ ។

ប្រភពខាងលើបន្ថែមទៀតថា ​មូលនិធិ​ដែលទទួលបានពីការលក់មូលបត្របំណុល ដោយរដ្ឋាភិបាលក្នុងតំបន់នេះ នឹងត្រូវប្រើប្រាស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងត្រីមាសទី ៤ ដោយធានាបាននូវកំណើននៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រហែល ១០% សម្រាប់រយ:ពេលពេញមួយឆ្នាំ។

បញ្ជាក់ផងដែរថា ប្រទេសចិនបានទទួលរងនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំង ដោយសារតែវិស័យអចនលទ្រព្យនៅក្នុងប្រទេសនេះ នៅតែបន្តធ្លាក់ចូលទៅក្នុងវិបត្តិ រួមទាំងការធ្លាក់ចុះនៃការប្រើប្រាស់ និងមានការរឹតត្បិតខ្លាំងលើកូវីដ-១៩ ផងដែរ ៕