កាលពីប៉ុន្មានសប្ដាហ៍មុន តុលាការរដ្ឋធម្មនុញ្ញថៃបានប្រកាសព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា ជាបណ្ដោះអាសន្ន ក្រោយគណបក្សប្រឆាំងដាក់ពាក្យបណ្ដឹងថា រូបលោកបានកាន់តំណែងលើសកាលកំណត់ ៨ ឆ្នាំ។

ថ្មីៗនេះ សារព័ត៌មាន CNA បានចុះផ្សាយថា ជោគវាសនាជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នឹងត្រូវកំណត់នៅក្នុងថ្ងៃទី ៣០ កញ្ញានេះ ដ្បិតតុលាការកំពូលបានបង្ហើបថា នឹងប្រកាសពីការសម្រេចចិត្តចុងក្រោយថា គួរឲ្យលោកបន្តតំណែងជានាយករដ្ឋមន្ត្រី ឬយ៉ាងណា។

ប្រភពដដែលបានបន្ថែមទៀតថា ក្រោយតុលាការប្រកាសដូចខាងលើហើយ មានគណបក្សប្រឆាំងយ៉ាងតិច ២ នឹងគ្រោងប្រមូលផ្ដុំគ្នានៅតំបន់ពាណិជ្ជកម្មទីក្រុងបាងកក ដើម្បីចាំស្ដាប់សាលក្រមរបស់តុលាការ ខណៈក្រុមប៉ូលិសយ៉ាងហោចណាស់ ៣០០ នាក់នឹងត្រូវយាមកាមនៅជុំវិញតុលាការ។
សូមជម្រាបដែរថា ក្រុមអ្នកគាំទ្រលោកប្រាយុទ្ធបានអះអាងថា អតីតមេយោធារូបនេះមិនទាន់ផុតអាណត្តិដឹកនាំប្រទេសនោះឡើយ ពោលអាណត្តិ ៨ ឆ្នាំរបស់លោក គួរតែរាប់ពីឆ្នាំ ២០១៧ ឬនៅឆ្នាំ ២០១៩ ពេលមានការរៀបចំសភាថ្មី។

ប៉ុន្តែ ក្រុមប្រឆាំងបានវាយបកថា អាណត្តិរបស់លោកប្រាយុទ្ធត្រូវតែរាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលលោកបានឡើងកាន់អំណាច ក្រោយការធ្វើរដ្ឋប្រហារមកម៉្លេះ៕