ប្រធានាធិបតី វ្លាឌីមៀ ពូទីន នៅថ្ងៃសុក្រទី៣០កញ្ញានេះបានចុះហត្ថលេខា ប្រកាសជាឱឡាឫក ចាត់បញ្ចូលដែនដីទាំង៤របស់អ៊ុយក្រែន គឺតំបន់លីហ្កង់ស្ក៍ តំបន់ដូណេតស៍ តំបន់ហ្សាប៉ូរីចា និងតំបន់ឃឺសិន មកក្នុងទឹកដីរបស់សហព័ន្ធរុស្ស៊ី។

លោកពូទីន បានថ្លែងសុន្ទរកថា រយៈពេលជិតមួយម៉ោង នៅវិមានក្រឹមឡាំង ដោយលើកឡើងថា អ៊ុយក្រែនត្រូវតែឈប់ប្រយុទ្ធជាបន្ទាន់ ហើយត្រូវងាកមកចូលតុចរចា។
ក្រោយសុន្ទរកថារបស់លោកពូទីននេះ ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងតាមវីដេអូភ្លាមៗ ថា “ដរាបណា ពូទីននៅតែកាន់អំណាចនៅរុស្ស៊ី គឺអ៊ុយក្រែននឹងមិនចូលតុចរចា ជាមួយរុស្ស៊ីជាដាច់ខាត។ អ៊ុយក្រែននឹងបន្តប្រយុទ្ធ ដើម្បីប្រមូលទឹកដីរបស់ខ្លួន ដែលរុស្ស៊ីប្លន់ទៅមកវិញឲ្យបាន ហើយអ៊ុយក្រែនព្រមចរចា នៅពេលណារុស្ស៊ីមានប្រធានាធិបតីថ្មី។
លោកបញ្ជាក់ថា អ៊ុយក្រែន នឹងអនុម័តបេក្ខភាពសុំចូលជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់៕