ADB ប្រកាសផែនការផ្តល់ជំនួយ ១៤ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារ នៅអាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ ADB ថ្មីៗនេះ បានធ្វើការប្រកាសអំពីផែនការក្នុងការផ្តល់មូលនិធិ យ៉ាងហោចណាស់ ១៤ ពាន់លានដុល្លារ ចន្លោះឆ្នាំ ២០២២-២០២៥ តាមរយ:កម្មវិធីគាំទ្រដ៏ទូលំទូលាយមួយ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារ នៅអាស៊ី ប៉ាស៊ីហ្វិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការផ្តល់មូលនិធិនេះ ADB ក៏មានគោលបំណងធ្វើឱ្យប្រសើឡើងនូវសន្តិសុខស្បៀងអាហាររយ:ពេលវែង ជាមួយនឹងការពង្រឹងប្រព័ន្ធស្បៀងអាហារ ប្រឆាំងទៅនឹងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវចម្រុះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយ ADB ផ្ទាល់ នៅដើមសប្តាហ៍នេះ ។

មិនតែប៉ុណ្ណោះ ជំនួយនេះផងដែរ នឹងអាចពង្រីកដល់ការគាំទ្ររបស់ ADB សម្រាប់សន្តិសុខស្បៀងអាហារក្នុងតំបន់ ដែលមានមនុស្សជិត ១,១ ពាន់លាននាក់ កំពុងប្រឈមមុខ ជាមួយនឹងការខ្វះរបបអាហារ ដោយសារតែភាពក្រីក្រ និងតម្លៃស្បៀងអាហារ ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំនេះ ។

លើសពីនេះ ADB បាននិយាយថា មូលនិធិនេះ នឹងត្រូវបញ្ជូនតាមរយ:គម្រោងដែលមានស្រាប់ និងគម្រោងថ្មី នៅក្នុងវិស័យជាច្រើន ដូចជា កសិកម្ម ការផលិត និងចែកចាយស្បៀងអាហារ ការការពារសង្គម ប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងធនធានទឹក និងគម្រោងដោះស្រាយផ្នែកលើធម្មជាតិ។

បន្ថែមពីនេះ ADB នឹងបន្តវិនិយោគក្នុងសកម្មភាពផ្សេងទៀត ដែលរួមចំណែកដល់សន្តិសុខស្បៀង ដូចជាការផ្លាស់ប្តូរថាមពល ការដឹកជញ្ជូន លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅតាមទីជនបទ ការគ្រប់គ្រងបរិស្ថាន សុខភាព និងការអប់រំ ជាដើម ។

គួរបញ្ជាក់ផងដែរថា ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានបង្អាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងជីកសិកម្ម ដែលជាហេតុធ្វើឱ្យប្រព័ន្ធស្បៀងអាហារសកលចុះទន់ខ្សោយ ដោយបន្ថែមពីលើផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ភាពរអាក់រអួលនៃការផ្គត់ផ្គង់ដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការអនុវត្តកសិកម្មដែលគ្មាននិរន្តរភាពផងដែរ ៕