បន្ទាប់ពីបានទទួលកំណើនខ្ពស់បំផុត ក្នុងរយ:ពេលប្រាំបួនខែចុងក្រោយ នៅឆ្នាំនេះ ប្រទេសវៀតណាម បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ាន ។
យោងតាម លោក Le Trung Hieu ដែលជាអគ្គនាយករងនៃការិយាល័យស្ថិតិទូទៅ បានដាក់ក្តីរំពឹងខ្ពស់ថា សេដ្ឋកិច្ចរបស់វៀតណាម អាចនឹងកើនឡើង ៨% នៅឆ្នាំ ២០២២ នេះ បើទោះពីជាស្ថានភាពសេដ្ឋកិច្ច នៅតែមិនទទួលបានភាពវិជ្ជមាន នៅក្នុងត្រីមាសចុងក្រោយនេះក៏ដោយ ។
គួរឱ្យដឹងថា សេដ្ឋកិច្ចវៀតណាម បានកើនឡើង ៨,៨៣% ក្នុងរយ:ពេល ៩ ខែដំបូង នៅឆ្នាំនេះ ដែលការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១២ ឆ្នាំចុងក្រោយ ដែលនេះគឺជាការរួមចំណែក ដោយសារការកើនឡើង ១៣,៦៧% នៅក្នុងត្រីមាសទីបី ។
លើសពីនេះ លោក Frederic Neumann សហប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចអាស៊ី នៅក្រុមហ៊ុន HSBC Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយថា ប្រទេសវៀតណាមគឺជាចំណុចភ្លឺមួយ ចំពេលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពអាប់អួរ។
មិនតែប៉ុណ្ណោះ HSBC បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ ២០២២ នេះ អាចមានចំនួន ៦,៩% ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើន ៦,៥% របស់ប្រទេសវៀតណាម សម្រាប់ឆ្នាំនេះ៕