យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា និយតករហិរញ្ញវត្ថុរបស់ប្រទេសចិន បានស្នើសុំឱ្យធនាគារធំៗនៅក្នុងប្រទេសចំនួន ៦ ធ្វើការផ្តល់ជំនួយហរិញ្ញវត្ថុយ៉ាងហោចណាស់ ៦០០ ពាន់លានយ៉ន់ (៨៤,៣២ ពាន់លានដុល្លារ) ដល់វិស័យអចលនទ្រព្យ ក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិសាច់ប្រាក់ ដែលកំពុងធ្លាក់ចូលក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ។
ប្រភពខាងលើ បានបង្ហាញទៀតថា ធនាគារកណ្តាលរបស់ចិន រួមជាមួយគណ:កម្មាធិការនិយតកម្មធនាគារ និងធារ៉ាប់រងប្រទេសចិន បានបញ្ជារឱ្យធនាគារ ដែលគ្រប់គ្រងដោយរដ្ឋទាំងអស់ ជួយនៅក្នុងទម្រង់ណាមួយ ដូចជាទទួលការបញ្ចាំ ផ្តល់ប្រាក់កម្ចីដល់ក្រុមអភិវឌ្ឍន៍ និងការទិញយកមូលបត្របំណុលរបស់ពួកគេជាដើម ។
គួរឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធានាគារកណ្តាលរបស់ប្រទេសចិន បានណែនាំអំពីវិធានការ សម្រាប់ការបង្កើនល្បឿន នៃការប្រើប្រាស់ប្រាក់កម្ចីពិសេស ដើម្បីធានាដល់ការលក់លំនៅដ្ឋាន ដែលបញ្ចប់ការសាងសង់ ហើយបានណែនាំប្រាប់ធនាគារពាណិជ្ជកម្មក្នុងប្រទេសទាំងអស់ ឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ផែនការនេះ ។
ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលចិន ក៏បានព្យាយាមដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រសេដ្ឋកិច្ច ដែលស្ទើតែគេចមិនផុតពីការធ្លាក់ចុះ នៅក្នុងត្រីមាស ខែមិថុនាកន្លងទៅ ប៉ុន្តែការងើបឡើងវិញ នៅតែមានតិចតួច ដោយសារតែការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង និងការធ្លាក់ចុះនៃអចលនទ្រព្យនៅក្នុងប្រទេស ៕