កាលពីថ្ងៃច័ន្ទកន្លងទៅ ការិយាល័យស្ថិតិបានបញ្ចេញរបាយការណ៍ទាក់ទងនឹងអត្រាអតិផរណាប្រចាំខែកញ្ញា ដែលបានបង្ហាញថា អត្រាអតិផរណាកាលពីខែកញ្ញានៅឥណ្ឌូណេស៊ីបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន តាំងពីខែតុលា ២០១៥ បន្ទាប់ពីតម្លៃប្រេងសាំងហក់ឡើងខ្ពស់។

ដោយឡែក CNA ក៏បានរាយការណ៍បន្ថែមថា អត្រាអតិផរណាកាលពីខែកញ្ញាមាន ៥,៩៥% កើនពី ៤,៦៩% កាលពីខែសីហា ប៉ុន្តែទាបជាងការប៉ាន់ស្មានពី Reuters បន្តិច ដោយសារព័ត៌មានខ្នាតយក្សមួយនេះធ្លាប់សន្និដ្ឋានថា អត្រាអតិផរណានៅខែកញ្ញាអាចកើនដល់ ៦%។

មូលហេតុចំបងដែលធ្វើឲ្យអត្រាអតិផរណានៅឥណ្ឌូណេស៊ីកើនខ្ពស់ដល់ថ្នាក់នេះ គឺដោយសារការឡើងថ្លៃនៃទំនិញ ម្ហូបអាហារ ជាពិសេសគឺប្រេងឥន្ធនៈតែម្ដង។ នេះបើតាមការអះអាងពីអ្នកជំនាញ។

ក្រឡេកទៅមើលពីការឡើងថ្លៃទំនិញនៅឥណ្ឌូណេស៊ីវិញ តម្លៃម្ហូបអាហារបានកើនឡើង ៣,២១% កាលពីខែកញ្ញា ប៉ុន្តែបើមើលទៅតម្លៃប្រេងឥន្ធនៈ គឺបានកើនដល់ទៅ ៣០% ឯណោះ រហូតដល់ថ្នាក់រដ្ឋាភិបាលធ្លាប់ប្រកាសរកទិញប្រេងថោកៗពីគ្រប់ប្រទេសទៀតផង៕