កាលពីថ្ងៃច័ន្ទកន្លងទៅ អ្នកជំនាញបានទម្លាយថា ក្រុមហ៊ុនចម្រាញ់ប្រេងចិនទំនងនឹងសម្រុកការនាំចេញប្រេងសម្រាប់រយៈពេល ២ ខែចុងក្រោយនៃឆ្នាំ ២០២២ ឬនៅដើមឆ្នាំ ២០២៣។ នេះបើតាមទិន្នន័យចុះផ្សាយពី CNA។

កំណើននៃការនាំចេញប្រេងរបស់ចិននេះ ក៏នឹងអាចជួយដល់ការរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក ក៏ដូចជាជំនួសការផ្គត់ផ្គង់សម្រាប់សហភាពអឺរ៉ុប ក្រោយរុស្ស៊ីកាត់បន្ថយការនាំចេញប្រេងទៅកាន់ EU ប៉ុន្មានខែចុងក្រោយនេះ។
គួររំលឹកដែរថា ចន្លោះពីខែមករាដល់សីហា ចិនបាននាំចេញប្រេងចម្រាញ់រួចប្រមាណ ១៦,៤ លានតោន រួមមានប្រេងសាំង ៧,៥៦ លានតោន ប្រេងយន្តហោះ ៥,៥៤ លានតោន និងប្រេងម៉ាស៊ូត ៣,២៥ លានតោន។

ដោយឡែក ក្រុមហ៊ុនផ្ដល់ប្រឹក្សា FGE បានធ្វើការព្យាករណ៍ថា ការនាំចេញប្រេងរបស់ចិនទៅកាន់ទីផ្សារអន្តរជាតិឆ្នាំនេះ នឹងមានច្រើនជាង ២០ លានតោន ដ្បិតពួកគេអះអាងថា ពីខែវិច្ឆិកាដល់ខែធ្នូ ចិននឹងនាំចេញប្រេងចន្លោះពី ៤ ទៅ ៥ លានតោនសម្រាប់ ២ ខែចុងក្រោយនៃឆ្នាំ ២០២២៕