វិបត្តិកង្វះខាតអាហារ នៅតែជាបញ្ហាចំបងមួយដែលពិភពលោកកំពុងជួបប្រទះ ហើយក្នុងនោះមន្ត្រីជាន់ខ្ពស់នៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF ទម្លាយថា ៤៨ ប្រទេសទូទាំងសកលលោកកំពុងប្រឈមនឹងបញ្ហាមួយនេះជាទំងន់។

ក្នុងចំណោមប្រទេសទាំង ៤៨ នោះ ទ្វីបអាហ្វ្រិក និងនៅតំបន់អារ៉ាប់ហាក់ប្រឈមខ្លាំងជាងគេ ដ្បិតនៅរបាយការណ៍ពី IMF បានបង្ហាញថា ប្រជាជនច្រើនជាង ១៤០ លាននាក់នៅអារ៉ាប់កំពុងជួបប្រទះវិបត្តិអសន្តិសុខអាហារ។

ឆ្លើយតបនឹងបញ្ហាមួយនេះ លោកស្រី Kristalina Georgieva ប្រធានផ្នែកគ្រប់គ្រងនៃ IMF បានបង្ហើបថា IMF នឹងជួយជាជំនួយស្បៀងអាហារដល់ប្រទេសប្រហែល ២០ ដែលភាគច្រើននៅទ្វីបអាហ្វ្រិក។

“ក្នុងចំណោមប្រទេសទាំង ៤៨ ប្រហែលមាន ១០-២០ ប្រទេស នឹងសុំជំនួយលើផ្នែកស្បៀងអាហារបន្ទាន់ ហើយពួកយើងគឺបានត្រៀមជាស្រេចសម្រាប់បញ្ហាមួយនេះ”។ នេះបើតាមសម្ដីរបស់លោកស្រី Georgieva បាននិយាយ៕