បើនិយាយពីប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកគឺ សហរដ្ឋអាមេរិកដែលមានមហាសេដ្ឋីរស់នៅប្រមាណជាង ៧០០ នាក់ ប៉ុន្តែបើសរុបស្ថិតិប្រចាំទ្វីបវិញ ទោះបូកចំនួនមហាសេដ្ឋីនៅអាមេរិកខាងជើង និងអាមេរិកឡាទីន ក៏មិនអាចស៊ីដាច់ទ្វីបអាស៊ីដែរ។
យោងតាមទិន្នន័យផ្ដល់ឲ្យដោយ Nikkei Asia បានបង្ហាញថា ទ្វីបអាស៊ីគឺជាតំបន់ដែលប្រមូលផ្ដុំមហាសេដ្ឋីច្រើនបំផុតលើលោក ពោលគិតត្រឹមចុងខែកញ្ញាមានមហាសេដ្ឋីប្រមាណ ៩៥១ នាក់កំពុងរស់នៅក្នុងទ្វីបអាស៊ី។
ក្នុងនោះចិន និងឥណ្ឌាសំបូរមហាសេដ្ឋីច្រើនជាងគេ ពោលចិនមានប្រមាណ ៤៤០ នាក់ ខណៈឥណ្ឌាមាន ១៦១ នាក់។ ចំណែកឯមហាសេដ្ឋីនៅតំបន់អាស៊ីអាគ្នេយ៍វិញមានសរុប ១១៤ នាក់ តៃវ៉ាន់មាន ៤៥ នាក់ កូរ៉េខាងត្បូងមាន ២៨ នាក់ និងជប៉ុនមាន ២៧ នាក់។
បើទោះជាចំនួនមហាសេដ្ឋីរស់នៅទ្វីបអាស៊ីមានច្រើនជាងគេលើលោកក្ដី ប៉ុន្តែបើប្រៀបធៀបទំហំទ្រព្យសម្បត្តិវិញ គឺនៅចាញ់អាមេរិកខាងជើងច្រើនសន្ធឹក ពោលសរុបទ្រព្យសម្បត្តិមហាសេដ្ឋីជាង ៧០០ នាក់នៅអាមេរិកខាងជើងមានជិត ៥ ទ្រីលានដុល្លារ ប៉ុន្តែនៅអាស៊ីមានតែជាងពាក់កណ្ដាល ៣ ទ្រីលានដុល្លារប៉ុណ្ណោះ៕