កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Central Retail ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Central Group បានប្រកាសថា ពួកគេនឹងពង្រីកសាខាដែលមានវៀតណាមទ្វេដងក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដែលមានន័យថា Central Retail នឹងពង្រីកពី ៣៤០ សាខារហូតដល់ជាង ៧០០ សាខាត្រឹមឆ្នាំ ២០២៦។

ដោយឡែក Nikkei ក៏បានរាយការណ៍បន្ថែមថា Central Group គ្រោងនឹងចាយលុយប្រហែល ៣០ ពាន់លានបាត ឬប្រមាណ ៧៩០ លានដុល្លារក្នុងគម្រោងពង្រីកខ្លួនលើទីផ្សារវៀតណាម និងរំពឹងថា ពួកគេនឹងក្លាយជាក្រុមហ៊ុនលក់រាយផ្នែកអាហារ និងអចលនទ្រព្យធំបំផុតនៅវៀតណាមទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្នាតយក្សប្រចាំប្រទេសថៃថែមទាំងសម្លឹងឃើញផលប្រយោជន៍ធំមួយទៀត គឺបង្កើនប្រាក់ចំណូលរហូតដល់ ១០០ លានបាតក្រោយការពង្រីកខ្លួន ខណៈបច្ចុប្បន្នប្រាក់ចំណូលរបស់ពួកគេនៅវៀតណាមមានប្រហែល ៣៨,៦ លានបាត។

សូមជម្រាបដែរថា Central Group បានបោះជំហានចូលក្នុងទីផ្សារប្រទេសវៀតណាមជាលើកដំបូងតាំងពី ១០ ឆ្នាំមុន ហើយមកទល់ពេលនេះពួកគេមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីនោះ ១០ យីហោដូចជា Go! Mall, Nguyen Kim, SuperSports និង Top Market ដែលលក់ទំនិញស្ទើរគ្រប់មុខតាំងពីម្ហូបអាហារ រហូតដល់គ្រឿងអេឡិចត្រូនិក៕