ក្រុមហ៊ុនអាហារថៃ Betagro Pcl បាននិយាយនៅក្នុងឯកសារមួយ នៅក្នុងទីផ្សារហ៊ុន កាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១៧,៤ ពាន់លានបាត (៤៦៣,៣៨ លានដុល្លារ) ក្នុងការបោះផ្សាយមូលបត្រជាសារណ:លើកដំបូង (IPO) នៅចុងខែនេះ ។
ការបោះផ្សាយលក់ IPO របស់ក្រុមហ៊ុន Betagro នេះទៀតសោត នឹងក្លាយជាការផ្តល់ជូនធំបំផុតទីពីររបស់ប្រទេសថៃ នៅក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថៃ (TLIP) បានរៃអង្គាសប្រាក់បានជិត ១ ពាន់លានដុល្លារ ពីការបោះផ្សាយលក់ IPO របស់ខ្លួន នៅក្នុងខែកក្កដាកន្លងទៅ ។
ក្រុមហ៊ុន Betagro ដែលផលិតសាច់ និងអហារសត្វចិញ្ចឹម គ្រោងនឹងផ្តល់ជូនភាគហ៊ុនចំនួន ៤៣៤,៨ លាន ក្នុងតម្លៃ ៤០ បាតក្នុងមួយហ៊ុន ដែលនឹងអាចធ្វើឱ្យក្រុមហ៊ុនខ្លួន បង្កើនទឹកប្រាក់រហូតដល់ ២០ ពាន់លានបាត ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ បាននិយាយថា ប្រាក់ចំណូលដែលបានមកពីការលក់ហ៊ុននេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីសាងសង់រោងចក្រថ្មី ក៏ដូចជាសងបំណុល និងទុកធ្វើជាដើមទុនបន្តទៀតផងដែរ ។
ជម្រាបផងដែរថា ក្រុមហ៊ុន Betagro ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣,៩ ពាន់លានបាត រួចមកហើយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដែលកើនឡើង ១,២ ពាន់លានបាត បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:ការកើនឡើងនេះ បានរួមចំណែកដោយតម្លៃទីផ្សារខ្ពស់ នៅក្នុងជីវកម្មផលិតប្រូតេអ៊ីន រួមទាំងបសុបក្សី ស៊ុត និងអាហារកែច្នៃ ៕