យោងទៅតាមទីភ្នាក់ងារអចលនទ្រព្យ Centaline បានបង្ហាញឱ្យដឹងថា ការលក់អចលនទ្រព្យនៅក្នុងទីក្រុងហុងកុង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត នៅឆ្នាំនេះ ដោយសារតែនៅក្នុងឆមាសទីមួយកន្លងទៅ ទីផ្សារអចលនទ្រព្យបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែរឹតត្បិតទៅលើកូវីដ-១៩ ស្របពេលឆមាសទី ២ បានប្រឈមមុខនឹងវិបត្តិដោយសារតែការកើនឡើងអត្រាការប្រាក់ខ្ពស់ ។
ទីភ្នាក់ងារ Centaline បាននិយាយថា ការលក់អចលនទ្រព្យទំនងជាអាចកើនដល់ ៦៥ ០០០ នៅឆ្នាំនេះ។ ហើយប្រសិនបើការព្យាករនៅតែរក្សាបាន នោះវានឹងក្លាយជាការលក់ចលនទ្រព្យប្រចាំឆ្នាំទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៩៦ មក ។
លោក Wong Leung-sing នាយករងជាន់ខ្ពស់ ដែលកាន់នៅផ្នែកស្រាវជា្រវ នៅ Centaline បាននិយាយថា ក្នុងរយ:ពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ នេះ ការលក់អចលនទ្រព្យសរុបរបស់ហុងកុង មានចំនួន ៤៧ ៨៨៦ នៃលំនៅដ្ឋាន ចំណតរថយន្ត ឧស្សាហកម្ម និងចលនទ្រព្យ ដែលមានតម្លៃសរុបប្រមាណ ៥៩,៤ ពាន់លានដុល្លារ ។ ហើយការលក់ចលនទ្រព្យនៅក្នុងឆ្នាំ ២០២២ ទាំងមូល រំពឹងអាចនឹងធ្លាក់ចុះទាបជាង ៣៦,៦% បើធៀបទៅនឹងឆ្នាំ ២០២១ កន្លងទៅ ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ទីក្រុងហុងកុង បានដាក់ចេញនូវវិធានការរក្សាគម្លាតសង្គមដ៏តឹងរ៉ឹងបំផុត ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ ដែលបានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ មក។ ហើយចំពោះការបិទខ្ទប់នេះ បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង ត្រូវផ្អាកស្ទើតែទាំងស្រុង ។
ជាងនេះទៅទៀត ហុងកុងបាននឹងកំពុងដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីខែមីនា។ ហើយបច្ចុប្បន្ននេះ អាជ្ញាធររូបិយវត្ថុហុងកុង បានដំឡើងអត្រាការប្រាក់មូលដ្ឋានរបស់ខ្លួនចំនួន ៥ ដងក្នុងឆ្នាំនេះ ដល់ ៣,៥% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយៈពេល ១៤ ឆ្នាំចុងក្រោយ៕