យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ Preqin បានបង្ហាញថា ក្រុមវិនិយោគិនបានសម្រុកដកប្រាក់ប្រមាណ ៣២ ពាន់លានដុល្លារពីលំហូរសាច់ប្រាក់នៅត្រីមាសទី ២ នៃឆ្នាំ ២០២២ នេះ។
ដោយឡែកសារព័ត៌មាន Reuters ក៏បានទម្លាយទៀតថា ការដកប្រាក់រាប់សិបពាន់លានដុល្លារសារនេះ គឺជាការដកប្រាក់ច្រើនបំផុតពីលំហូរសាច់ប្រាក់ចរាចរណ៍រាល់ថ្ងៃប្រមាណ ៤,១ ទ្រីលានដុល្លារ តាំងពីផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំ ២០២០។
ប្រភពដដែលបានសន្និដ្ឋានថា មូលហេតុចំបងដែលក្រុមវិនិយោគិនសម្រុកដកប្រាក់ច្រើនសន្ធឹកបែបនេះ គឺដោយសារបារម្ភជាមួយនឹងវិបត្តិអតិផរណា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ក៏ដូចជាព្រួយបារម្ភនឹងសង្គ្រាមនៅអ៊ុយក្រែនទៀតផង។
ដោយឡែក ទឹកប្រាក់ដែលបានដកច្រើនបំផុតនោះគឺភាគច្រើននៅតំបន់អឺរ៉ុប ដោយនៅត្រីមាសទី ២ នេះ ទឹកប្រាក់ប្រហែល ២៨,៤ ពាន់លានដុល្លារត្រូវបានដកចេញពីលំហូរសាច់ប្រាក់នៅអឺរ៉ុប ហើយបើសរុបពីការដកប្រាក់រយៈពេលកន្លះឆ្នាំតំបូងវិញគឺមានជាង ៤៩ ពាន់លានដុល្លារ៕