កាលពីពេលថ្មីៗនេះ ធនាគារផ្គត់ផ្គង់មាសទៅកាន់ឥណ្ឌាបានបញ្ឈប់ការនាំចេញមាសរបស់ខ្លួនមកកាន់ប្រទេសមួយនេះ ដោយបានបង្វែរគោលដៅទៅកាន់មហាអំណាចសេដ្ឋកិច្ចទី ២ លើលោក ចិន និងតួកគី ក៏ដូចជាទីផ្សារមួយចំនួន ដែលផ្ដល់សំណើរល្អជាងភាគីឥណ្ឌា។

បើយោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ការកាត់ផ្ដាច់ភ្លាមៗនេះនឹងធ្វើឲ្យទីផ្សារមាសនៅឥណ្ឌាច្របូកច្របល់ ដ្បិតអតិថិជនឥណ្ឌានឹងសម្រុកទិញមាសទុក ដោយហ៊ានចំណាយលុយទាំងបាច់ៗ ក្នុងអំឡុងពេលតម្រូវការកំពុងមានខ្លាំងបែបនេះ។

ដោយឡែក ធនាគារដែលធ្លាប់តែផ្គត់ផ្គង់មាសទៅកាន់ឥណ្ឌាមានដូចជា ICBC Standard Bank, JPMorgan និង Standard Chartered ជាដើម ដែលធ្លាប់តែនាំចេញមាសទៅស្តុកទុកនៅឥណ្ឌាមុនពេលប្រារព្ធពិធីបុណ្យសាសនាធំៗ ប៉ុន្តែបច្ចុប្បន្នឃ្លាំងស្តុកមាសឥណ្ឌាមានតិចជាង ១០% នៃចំនួនមាសដែលពួកគេមានឆ្នាំមុនទៅទៀត។

សូមជម្រាបដែរថា របាយការណ៍កាលពីខែកញ្ញាបានបង្ហាញថា ការនាំចូលមាសមកឥណ្ឌាមានការធ្លាក់ចុះ ៣០ ខណៈនៅតួកគីកើនឡើងដល់ទៅ ៥៤៣% ស្របពេលនៅចិនកើនឡើង ៤០% ជាចំណុចខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ៕