កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានបង្ហើបថា គម្រោងចង់លុបបំបាត់ភាពក្រីក្រត្រឹមឆ្នាំ ២០៣០ នឹងមិនអាចជោគជ័យឡើយ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ស្របពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ជះឥទ្ធិពលខ្លាំងក្លាផង។

ជាការពិត ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឲ្យប្រជាជនរាប់សិបលាននាក់បានធ្លាក់ចូលរណ្ដៅនៃភាពក្រីក្រ ដ្បិតរបាយការណ៍ពី World Bank បានបង្ហាញថា ក្នុងឆ្នាំ ២០២០ មានប្រជាជន ៧១ លាននាក់បន្ថែមទៀតដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ។

នេះក៏មានន័យថា ប្រជាជនប្រមាណ ៧១៩ លាននាក់ ឬប្រហែល ៩,៣% នៃប្រជាជនសរុបទូទាំងពិភពលោករស់នៅក្នុងសភាពក្រីក្រ ដោយចំណាយត្រឹម ២,១៥$ក្នុងមួយថ្ងៃ ខណៈតម្លៃអាហារ ទំនិញ និងប្រេងឥន្ធនៈនៅតែសម្រុកឡើងថ្លៃឥតឈប់ឈរ។

ដោយឡែក ប្រធានធនាគារពិភពលោក David Malpass បានអំពាវនាវដល់ការកែប្រែនយោបាយសម្រាប់ប្រទេសជាច្រើន ដើម្បីអាចជួយដល់ការលុបបំបាត់ភាពក្រីក្រ ក៏ដូចជាបង្កើនឱកាសការងាររបស់ប្រជាជនតាមប្រទេសនីមួយៗផងដែរ៕