កាលពីថ្ងៃទី ០៤ តុលា កន្លងទៅ ក្រុមហ៊ុនផលិតបន្ទះឈីប Micron Technology បានទម្លាយថា ពួកគេមានគម្រោងជះលុយវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំខាងក្នុង ដើម្បីសាងសង់រោងចក្រនៅទីក្រុងញ៉ូវយ៉ក និងដើម្បីជំរុញការផលិតបន្ទះឈីបក្នុងស្រុក។

គ្រោងការណ៍មួយនេះនឹងអាចជួយឲ្យ Micron ក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក ហើយវាក៏នឹងរំពឹងថាអាចផ្ដល់ឱកាសការងារដល់មនុស្សប្រមាណ ៥០ ០០០ កន្លែងនៅញ៉ូវយ៉កផងដែរ។
ជំហានដំបូងនៃការវិនិយោគមួយនេះគឺ Micron នឹងចាយលុយខ្ទង់ ២០ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣០ ដើម្បីសាងសង់រោងចក្រផលិតឈីបជាច្រើនសាខាទូទាំងសហរដ្ឋអាមេរិក ខណៈទំហំចំណាយនេះតិចជាងពាក់កណ្ដាលនៃការប្រកាសកាលពីខែសីហា ដែលគ្រានោះក្រុមហ៊ុនធ្លាប់បង្ហើបថា នឹងចាយខ្ទង់ ៤០ ពាន់លានដុល្លារ។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះក្រុមហ៊ុនផលិតឈីបអាមេរិក សម្រុកខ្លាំងផ្នែកពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ ក្រោយមានការបើកដៃពីប្រធានាធិបតីអាមេរិក ចូ បៃឌិន សម្រាប់ការប្រជែងជាមួយចិន លើវិស័យបច្ចេកវិទ្យា៕