ជនជាតិចិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កំពុងជាប់ឈ្មោះជាជនបរទេស ដែលបានទិញអចលនទ្រព្យឯកជនតម្លៃថ្លៃច្រើនបំផុត នៅក្នុងប្រទេសសិង្ហបុរី នៅឆ្នាំនេះ ស្របពេលប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កំពុងទទួលបានអត្ថប្រយោជន៍ច្រើន ពីការបើកប្រទេសឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណ:តម្លៃរូបិយប័ណ្ណរបស់ពួកគេ នៅតែរក្សាបានភាពរឹងមាំផងដែរ ។
ជនជាតិចិន បានទិញប្រហែលមួយភាគប្រាំ នៃចលនទ្រព្យប្រណីតសរុបចំនួន ៤២៥ យូនីត ក្នុងតម្លៃប្រមាណ ៥ លានដុល្លារសិង្ហបុរី (៣,៥២ លានដុល្លារអាមេរិក) ដោយគិតចាប់តាំងពីខែមករា ដល់ខែសីហា នៅឆ្នាំ ២០២២ នេះ ។
ទន្ទឹមនឹងនេះ ជនជាតិអាមេរិក បានជាប់នៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការទិញអចលនទ្រព្យតម្លៃថ្លៃចំនួន ៣៤ យូនីត និងជនជាតិជាតិឥណ្ឌូនេស៊ី ជាប់លេខ ៣ ដោយទិញក្នុងចំនួន ២៨ យូនីត ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសសិង្ហបុរី ត្រូវបានចាត់ទុកថាជាកន្លែងដ៏ពេញនិយមបំផុត សម្រាប់មហាសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងការចាយលុយរបស់ពួកគេទៅលើការទិញអចលនទ្រព្យ ដោយសារតែមើលឃើញពីស្ថិរភាពនយោបាយនៅក្នុងប្រទេស រួមទាំងរូបិយប័ណ្ណដែលមានភាពរឹងមាំ និងជាទីជម្រកដ៏មានសុវត្ថិភាពបំផុត ក្នុងការរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេ ។
សរុបជារួមមក ចំនួនអចលនទ្រព្យតម្លៃថ្លៃ ដែលសិង្ហបុរី បានលក់ទៅឱ្យជនបរទេស ក្នុងរយ:ពេលប្រាំបីខែដំបូង នៅឆ្នាំនេះ បានកើនឡើងលើស ២៨២ យូនីត បើធៀបនឹងរយ:ពេលដូចគ្នា មុនមានជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ ២០១៩ និងចំនួន ៣២២ យូនីត នៅក្នុងឆ្នាំ ២០១៨ ៕