គម្រោងផ្លូវដែកថៃ-ឡាវ គ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២៣

អន្តរជាតិ

យោងតាមផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បានបញ្ជាក់ឱ្យដឹងថា គម្រោងផ្លូវដែកតភ្ជាប់រវាងប្រទេសថៃ និងឡាវ រំពឹងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខ ស្របពេលប្រទេសទាំងពីរ កំពុងផ្តល់ការបណ្តុះបណ្តាល ដល់អ្នកបើករថភ្លើង បុគ្គលិកថែទាំ និងមន្ត្រីពាក់ព័ន្ធនានា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំនេះ ហើយបន្ទាប់ពីនោះ ប្រទេសទាំងពីរ នឹងចាប់ផ្តើមពិភាក្សាគ្នាអំពីប្រតិបត្តិការ និងដាក់តម្លៃសំបុត្រ ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងទៀត។ ហើយការពិភាក្សាទាំងនេះ ត្រូវបានរំពឹងថានឹងបញ្ចប់ មុនកាលបរិច្ឆេទបើកឱ្យដំណើរការ ដែលបានគ្រោងទុកនៅពាក់កណ្តាលឆ្នាំ ២០២៣ ។

នៅពេលបញ្ចប់ការសាងសង់ គម្រោងផ្លូវដែកមួយខ្សែនេះ នឹងឃើញការតភ្ជាប់ពីខេត្ត Nong Khai ប្រទេសថៃ ទៅកាន់រដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ដែលជាទីតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវ ដែលបន្តរត់ទៅកាន់ទីក្រុងគុនមីង ប្រទេសចិន។

ប្រតិបត្តិការផ្លូវរថភ្លើងនេះ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៣ ជាមួយនឹងការធ្វើដំណើរទៅ និងមក ៤ ដងក្នុងមួយថ្ងៃ។ ហើយផ្លូវនេះក៏នឹងរត់កាត់កំពង់ផែស្ងួត Thanaleng និងទីសំណតកុងតឺន័រប្រទេសឡាវផងដែរ ៕