មន្ត្រីហិរញ្ញវត្ថុនៃកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា ការនាំចេញប្រចាំខែកញ្ញាមានការធ្លាក់ចុះប្រហែល ៥,៣% បើធៀបនឹងឆ្នាំទៅ មកនៅជាង ៣៧ ពាន់លានដុល្លារ ខណៈការធ្លាក់ចុះមួយនេះគឺជាលើកដំបូងតាំងពីខែមិថុនា ២០២០ មក។

ដោយឡែក CNA ក៏បានរាយការណ៍បន្ថែមថា មូលហេតុដែលធ្វើឲ្យការនាំចេញមានការធ្លាក់ចុះបែបនេះ គឺដោយសារវិបត្តិកូវីដ ១៩ ប៉ុន្តែមូលហេតុចំបងគឺ ការងើបឡើងនៃវិបត្តិអតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងតម្រូវការអតិថិជនចិនមានការថយចុះ។

ជាការពិត ទំហំនាំទំនិញចេញទៅកាន់ចិន មាការធ្លាក់ចុះ ១៣,៣% បើធៀបនឹងឆ្នាំទៅ បន្ទាប់ពីភាគីទាំង ២ នេះបានពាក់មុខយក្សដាក់គ្នា ជុំវិញបញ្ហាដែនសមុទ្រ ហើយបញ្ហាកាន់តែក្ដៅគគុកក្រោយការមកដល់របស់ប្រធានសភាអាមេរិក Nancy Pelosi កាលពីប៉ុន្មានខែមុន។

សូមជម្រាបដែរថា បើទោះជាសរុបការនាំចេញប្រចាំខែកញ្ញា តៃវ៉ាន់ហាក់មានការធ្លាក់ចុះ ប៉ុន្តែសម្រាប់ទំនិញអេឡិចត្រូនិកដូចជា បន្ទះឈីបបែរជាមានការកើនឡើងខ្ពស់វិញ ដោយសារតម្រូវការទូទាំងសកលលោក៕