ទុនបម្រុងអន្តរជាតិរបស់ជប៉ុន បានធ្លាក់ចុះក្នុងចំនួនប្រមាណ ៥៤ ពាន់លានដុល្លារ នៅក្នុងខែកញ្ញាកន្លងទៅ ចំពេលកំពុងមានការដំឡើងអត្រាការប្រាក់ខ្ពស់បំផុត ដោយធនាគារកណ្តាលអាមេរិក ដែលវាបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទីផ្សាររូបិយប័ណ្ណអាស៊ី ។ នេះបើយោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃសុក្រនេះ ។
គួរឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសជប៉ុន បានព្យាយាមធ្វើអន្តរាគមន៍ជាច្រើនរួចមកហើយ នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ក្នុងគោលបំណងដើម្បីការពារការធ្លាក់ចុះបន្ថែមទៀត នៃតម្លៃប្រាក់យ៉េនរបស់ខ្លួន ។
បើតាមទិន្នន័យចេញផ្សាយដោយក្រសួងហិញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ ទុនបម្រុងបរទេសរបស់រដ្ឋាភិបាលជប៉ុន មានចំនួន ១,២៣៨ ទ្រីលានដុល្លារ នៅត្រឹមចុងខែកញ្ញា ដែលជាចំនួនទាបបំផុត គិតចាប់តាំងពីចុងខែមីនា ឆ្នាំ ២០១៧ មក ។
ទិន្នន័យស្តីពីការធ្លាក់ចុះទុនបំរុងអន្តរជាតិរបស់ជប៉ុន ដែលជាប្រទេសមានទុនបំរុងធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន បានបង្ហាញឱ្យដឹង ក្រោយពីរដ្ឋាភិបាលទីក្រុងតូក្យូ បានចំណាយដល់ចំនួនកំណត់ត្រា ២,៨ ទ្រីលានយ៉េន (១៩,៣២ ពាន់លានដុល្លារ) ដើម្បីធ្វើអន្តរាគមន៍ ក្នុងទីផ្សារប្តូរប្រាក់បរទេស កាលពីខែមុន ។
លើសពីនេះ វាត្រូវបានគេប៉ាន់ស្មានថាជប៉ុន បានលក់វិក្កយបត្ររតនាគារ នៅសហរដ្ឋអាមេរិក ដើម្បីរក្សាលំនឹងតម្លៃរូបិយប័ណ្ណរបស់ខ្លួន បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់យ៉េន ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ២៤ ឆ្នាំ ធៀបនឹងប្រាក់ដុល្លារ ៕