ធនាគាអភិវឌ្ឍអាស៊ី ហៅកាត់ ADB ថ្មីៗនេះ បាននិយាយថា នាយកដ្ឋានដឹកជញ្ជូនហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ១,៨៧ ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវដែក South Commuter Railway Project ។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បាននិយាយថាគម្រោងផ្លូវដែកនេះ គឺមានប្រវែង ៥៥ គីឡូម៉ែត្រ ដោយនឹងត្រូវតភ្ជាប់ពីស្ថានីយ៍ Metro Manila ទៅកាន់ទីក្រុង Calamba ក្នុងខេត្ត Laguna ហើយគម្រោងនេះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ៤,៣ ពាន់លានដុល្លារអាមេរិក ជាប្រាក់កម្ចី ដែលត្រូវបានអនុម័តដោយ ADB ក្នុងខែមិថុនាឆ្នាំ ២០២២ ។
អគ្គនាយករង ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Winfried Wicklein បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា នៅទីក្រុង Calamba ថា គម្រោង South Commuter Railway នឹងបើកឱកាសយ៉ាងធំធេង សម្រាប់សមាហរណកម្មសេដ្ឋកិច្ច នៅទូទាំងទីក្រុងម៉ានីល និងខេត្តជិតខាង ហើយវាអាចបង្កើតផលវិជ្ជមានយ៉ាងសំខាន់លើសេដ្ឋកិច្ចក្នុងស្រុក ។
លើសពីនេះ លោក Winfried បានបន្ថែមទៀតថា គម្រោងនេះ នឹងពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស ជាមួយនឹងការបង្កើតការងារសំណង់រហូតដល់ ៣ ៥០០០ កន្លែង និងការងារអចិន្ត្រៃយ៍ជាង ៣ ០០០ កន្លែង ក្នុងអំឡុងពេលប្រតិបត្តិការផ្លូវដែក។
ទន្ទឹមនឹងនេះ នៅពេលគម្រោងបញ្ចប់ជាស្ថាពរ ADB បាននិយាយថា ផ្លូវដែកនេះ នឹងផ្តល់នូវការដឹកជញ្ជូនសាធារណៈ ដែលមានតម្លៃសមរម្យ សុវត្ថិភាព និងរហ័ស ដែលអាចជួយសម្រួលដល់ការកកស្ទះចរាចរណ៍លើផ្លូវគោក និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលជាង ២៨៤ ០០០ តោន ជារៀងរាល់ឆ្នាំ នៅពេលដែលអ្នកដំណើរប្តូរពីផ្លូវថ្នល់ ទៅកាន់ផ្លូវដែកវិញនោះ ៕