ជម្លោះរវាងប្រទេសចិន និងតៃវ៉ាន់នៅតែបង្ហាញភាពមិនប្រសើរទាល់តែសោះ តាំងពីភាគីទាំង ២ នេះបានពាក់មុខយក្សដាក់គ្នា តាំងពីដើមខែសីហាមកទល់នឹងពេលនេះ។ នេះបើតាមការចុះផ្សាយពី CNA។

ទន្ទឹមនឹងនោះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានទម្លាយថា ដែនកោះមួយនេះនឹងព្យាយាមពង្រឹងកងកម្លាំងរបស់ខ្លួនបន្ថែម ជាពិសេសលើផ្នែកការពារតែម្ដង ស្របពេលស្ថានការណ៍រវាងចិន និងតៃវ៉ាន់កាន់តែក្ដៅគគុក។

ដោយឡែក សារព័ត៌មាន Reuters បានបន្ថែមថា ប្រធានាធិបតីខាងលើនឹងថ្លែងនៅក្នុងកិច្ចសន្ទរកថានៅថ្ងៃទី ១០ តុលាអំពីការបង្រួបបង្រួមស្មារតីប្រជាជាតិ និងវិធីសាស្ត្រក្នុងការពង្រឹងកងកម្លាំងផ្នែកការពារសន្តិសុខជាតិ។

សូមជម្រាបដែរថា កន្លងមកប្រទេសចិនធ្លាប់បានដាក់សំណើសន្តិភាពជាមួយនឹងតៃវ៉ាន់ ក្រោមគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ប៉ុន្តែវាត្រូវបានច្រានចោលដោយគណបក្សសំខាន់ៗនៅតៃវ៉ាន់ ហើយស្ទើរតែគ្មានការគាំទ្រទាល់តែសោះពីប្រជាជនតៃវ៉ាន់៕