នៅថ្ងៃទី ១០ តុលានេះ អង្គការសហប្រជាជាតិនឹងបើកមហាសន្និបាតមួយ ដោយបើកឲ្យមានការដេញដោលជុំវិញរឿងរ៉ាវ រុស្ស៊ីកាត់យកទឹកដី ៤ តំបន់របស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNA។
មហាសន្និបាតមួយនេះ នឹងរៀបចំឡើងដោយប្រទេសសមាជិក ១៩៣ ដោយក្នុងមួយប្រទេសអាចបោះឆ្នោតបានម្ដង ហើយមិនអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិវេតូក្នុងការរារាំងការបោះឆ្នោតមួយនេះ ដូចកាលដែលរុស្ស៊ីប្រើសិទ្ធវេតូក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខកាលពីចុងខែកញ្ញាឡើយ។
ដោយឡែក សម្រាប់លទ្ធផលនៃការបោះឆ្នោតមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងមិនលើសពីថ្ងៃពុធឡើយ ស្របពេលអ៊ុយក្រែនបានអំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់ មិនត្រូវទទួលស្គាល់ការបញ្ចូលឧបសម្ព័ន្ធនេះ ហើយទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីអ៊ុយក្រែន។
គួររំលឹកដែរថា កាលពីថ្ងៃទី ៣០ កញ្ញាកន្លងទៅ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសកាត់បញ្ចូលតំបន់អ៊ុយក្រែន ៤ មានដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia បញ្ចូលជាឧបសម្ពន្ធរបស់ខ្លួន ហើយបណ្ដាប្រទេសនៅលោកខាងលិចបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងជុំវិញបញ្ហាមួយនេះ៕