កាលពីពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា Gautam Aadni និងគ្រួសារកំពុងពិភាក្សាជាមួយក្រុមវិនិយោគិនជាច្រើនរូប រាប់បញ្ចូលទាំងក្រុមហ៊ុនវិនិយោគ Temasek និង GIC នៅសិង្ហបុរី ក្នុងគោលបំណងបង្កើនទឹកប្រាក់ឲ្យបានយ៉ាងតិច ១០ ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលើវិស័យថាមពល កំពង់ផែ និងស៊ីម៉ងត៍។ នេះបើតាមការចុះផ្សាយពី Mint។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Adani Group ធ្លាប់បានបង្ហើបថា ពួកគេនឹងវិនិយោគប្រាក់ច្រើនជាង ១០០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយមួយផ្នែកធំនឹងត្រូវចាក់លុយក្នុងអាជីវកម្មថាមពល។

ដោយឡែក សារព័ត៌មាន CNA ក៏បានទម្លាយទៀតថា សមាជិកគ្រួសារ Adani និងនាយកប្រតិបត្តិក្រុមកំពូលៗកំពុងជជែកជាមួយនឹងវិនិយោគិនដែលមានសក្ដានុពល អំពីផែនការពង្រីកអាជីវកម្ម និងបណ្ដាក់ទុនជាមួយក្រុមហ៊ុនអ្នកមានដាច់គេនៅអាស៊ី។

យ៉ាងណា ជុំវិញចចាមអារ៉ាមមួយនេះ ទាំង GIC និង Adani Group មិនអាចសុំការបំភ្លឺបានឡើយ ខណៈ Temasek បានបង្ហើបា ពួកគេនឹងមិននិយាយអ្វីទាំងអស់លើការរំពឹងទុកនៃទីផ្សារ និងពាក្យចចាមអារ៉ាមតពីមាត់មួយទៅមាត់មួយ៕