ក្រុមហ៊ុន Tesla Inc បានលក់ចេញរថយន្តដែលផលិតនៅរោងចក្រទីក្រុងសៀងហៃប្រមាណ ៨៣ ១៣៥ គ្រឿងនៅក្នុងខែកញ្ញា ហើយនេះក៏ជាកំណត់ត្រាថ្មីប្រចាំក្រុមហ៊ុនផងដែរ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយសមាគមរថយន្តដឹកអ្នកដំណើរចិន ហៅកាត់ CPCA។

ទិន្នន័យខាងលើ គឺបានកើនឡើងប្រហែល ៨% បើធៀបនឹងខែសីហា ហើយក៏បានឈានដល់ចំណុចខ្ពស់បំផុត តាំងពីរោងចក្រ Tesla នៅសៀងហៃលេចចេញរូបរាងកាលពីខែធ្នូ ២០១៩ ខណៈក្រុមហ៊ុនលក់រថយន្តធំបំផុតលើលោកមួយនេះ ធ្លាប់លក់បានច្រើនបំផុត ៧៨ ៩០៦ គ្រឿង។

ដោយឡែក សម្រាប់ស្ថិតិជាសកលវិញ Tesla បានទម្លាយកាលពីសប្ដាហ៍មុនថា ពួកគេបានលក់ចេញរថយន្តប្រមាណ ៣៤៣ ៨៣០ គ្រឿងនៅក្នុងត្រីមាសទី ៣ ហើយនេះគឺជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុនផងដែរ។

បើទោះជាទិន្នន័យប្រចាំខែកញ្ញា Tesla ធ្វើបានល្អមែនពិត ប៉ុន្តែពួកគេមិនមែនជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតក្នុងស្រុកឡើយ ពោលគឺ BYD ឯណោះទេដែលកំពុងក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុក ដោយលក់ចេញរថយន្តជាង ២ សែនគ្រឿនៅខែកញ្ញា កើនឡើងជិត ១៥% បើធៀបនឹងខែសីហា៕