កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani គឺកំពុងចរចាជាមួយក្រុមហ៊ុនខ្នាតយក្សប្រចាំឥណ្ឌា Jaiprakash Group ដើម្បីចង់ទិញយកអាជីវកម្មផលិតស៊ីម៉ងត៍របស់ពួកគេ។
យោងតាមសារព័ត៌មាន BNN បានចុះផ្សាយថា Adani មានបំណងចង់ទិញយករោងចក្រស៊ីម៉ងត៍នៃក្រុមហ៊ុនយក្ស Jaiprakash Group ក្នុងតម្លៃប្រហែល ៥០ ពាន់លានរូពី ឬប្រមាណ ៦០៦ លានដុល្លារ។
បើសិនជាការចរចាមួយនេះទទួលបានជោគជ័យ នោះ Adani Group នឹងក្លាយជាស្ដេចត្រាញ់សម្រាប់អាជីវកម្មលើការផលិតស៊ីម៉ងត៍ក្នុងស្រុកតែម្ដង ដ្បិតកន្លងមកមហាសេដ្ឋីឥណ្ឌាធ្លាប់ជះលុយអស់រាប់រយលានដុល្លារលើការពង្រីកខ្លួនចំពោះវិស័យមួយនេះ។
សូមជម្រាបដែរថា Adani Group ធ្លាប់បានបង្ហើបកាលពីខែមុនថា ពួកគេមានបំណងចង់ផលិតស៊ីម៉ងត៍ឲ្យបានរហូតដល់ ១៤០ លានតោនក្នុងរយៈពេល ៥ ឆ្នាំ និងមានគម្រោងជះលុយប្រមាណ ២០០ ពាន់លានរូពីបន្ថែមទៀតលើមុខជំនួញថ្មីមួយនេះ៕