កាលពីឆ្នាំទៅ វិទ្យាស្ថាន Linacre College ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ University of Oxford បានចុះកិច្ចព្រមព្រៀងជាមួយនឹងមហាសេដ្ឋីស្រីតែម្នាក់គត់នៅវៀតណាម Nguyen Thi Phuong Thao ក្នុងការប្ដូរឈ្មោះទៅជាវិទ្យាស្ថាន Thao College វិញ បើសិនជាស្ត្រីមានបំផុតនៅវៀតណាមព្រមបរិច្ចាគទឹកប្រាក់ជូនពួកគេ។

ប៉ុន្តែគិតមកទល់ពេលនេះ ទឹកប្រាក់ ១៥៥ លានផោន ឬប្រហែល ១៧០ លានដុល្លារ ដែលមហាសេដ្ឋីស្រីបានសន្យានេះ គឺមិនទាន់មានរូបរាងនៅឡើយ ជាហេតុធ្វើឲ្យ University of Oxford អាចនឹងលុបចោលកិច្ចសន្យាដែលបានធ្វើឡើងកាលពីឆ្នាំទៅ។

បើពិនិត្យមើលឲ្យមែនទែនទៅ ភាគីទាំងសងខាងបានសន្យានឹងគ្នាថា នឹងធ្វើការបរិច្ចាគតាមដំណាក់កាល ហើយជំហានដំបូងស្ត្រីមានបំផុតនៅវៀតណាមសន្យាថា នឹងបរិច្ចាគ ៥០ លានផោន ឬប្រមាណ ៥៥ លានដុល្លារនៅចុងខែមិថុនា ប៉ុន្តែគិតមកដល់ខែតុលានេះ ទឹកប្រាក់ដែលបានសន្យានោះ បែរជាមិនដឹងនៅទីណាឲ្យពិតប្រាកដ។ នេះបើតាមការចុះផ្សាយពី Yahoo។
សូមជម្រាបដែរថា ក្រុមអតីតនិស្សិតនៅ Linacre College បានចាប់ផ្ដើមយុទ្ធនាការ ប្រឆាំងនឹងការប្ដូរឈ្មោះមួយនេះ ហើយថែមទាំងបានចោទទង្វើនេះថា ជាការលក់កេរ្តិ៍ឈ្មោះរបស់សាលា ដើម្បីតែប្រាក់ទៀតផង។

គួររំលឹកថា ស្ត្រីដែលមានរហស្សនាម Madame Thao គឺជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅវៀតណាម ហើយលោកស្រីក៏មានទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារផងដែរ៕