កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Yuri Milner កូនកាត់អ៊ីស្រាអែល-រុស្ស៊ី បានប្រកាសថា លោកបានបោះបង់សញ្ជាតិរុស្ស៊ីជាផ្លូវការ បន្ទាប់ពីចាកចេញពីទីនោះតាំងពីឆ្នាំ ២០១៤។ នេះបើតាមការចុះផ្សាយពី Reuters។

“ខ្ញុំ និងក្រុមគ្រួសារបានចាកចេញពីរុស្ស៊ី តាំងពីឆ្នាំ ២០១៤ ក្រោយពេលរុស្ស៊ីសម្រេចកាត់បញ្ចូលតំបន់គ្រីមៀ ចូលជាឧបសម្ពន្ធ ហើយនៅក្នុងរដូវក្ដៅនេះ ពួកយើងបានសម្រេចក្នុងការបោះបង់សញ្ជាតិរុស្ស៊ីជាផ្លូវការ”។ នេះបើតាមសារដែលបានបង្ហោះនៅលើ Twitter ដោយមហាសេដ្ឋី Milner។

សូមជម្រាបដែរថា លោក Milner ទទួលបានសញ្ជាតិអ៊ីស្រាអែលនៅក្នុងឆ្នាំ ១៩៩៩ ហើយតាំងពីចាកចេញពីរុស្ស៊ីនៅឆ្នាំ ២០១៤ លោកមិនដែលបានឈានជើងចូលស្រុកកំណើតសូម្បីតែម្ដង ហើយបុរសរូបនេះក៏មិនមានទ្រព្យសម្បត្តិនៅរុស្ស៊ីឡើយ។

លោក Yuri Milner គឺជាស្ថាបនិកក្រុមហ៊ុន DST Global ដែលផ្ដល់សេវាកម្មវិនិយោគតាមបណ្ដាញអ៊ីនធឺណិត ហើយទ្រព្យសម្បត្តិរបស់លោកបច្ចុប្បន្នមានប្រមាណ ៧,៣ ពាន់លានដុល្លារ៕