នៅថ្ងៃទី ១១ តុលានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានទម្លាយថា ពួកគេសម្រេចចិត្តចាកចេញពីទីផ្សាររថយន្តនៅរុស្ស៊ី ដោយបានយល់ព្រមលក់ក្រុមហ៊ុននៅទីនោះឲ្យទៅរដ្ឋជាអ្នកគ្រប់គ្រង។

ដោយឡែក Reuters ក៏បានបន្ថែមដែរថា កិច្ចព្រមព្រៀងរវាង Nissan និងរដ្ឋាភិបាលរុស្ស៊ី គឺអនុញ្ញាតឲ្យ Nissan អាចទិញយកអាជីវកម្មរបស់ពួកគេវិញបាន ក្នុងអំឡុងពេល ៦ ឆ្នាំ។
បន្ថែមពីនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះក៏បានបន្ថែមទៀតថា ការសម្រេចចិត្តដើរចេញពីទីផ្សាររថយន្តរុស្ស៊ី នឹងធ្វើឲ្យពួកគេមានការខាតបង់យ៉ាងច្រើន ប្រមាណ ១០០ ពាន់លានយ៉េន ឬ ៦៨៦,៧២ លានដុល្លារពីការផ្ទេរទ្រព្យសម្បត្តិ។

សូមជម្រាបដែរថា ក្រុមហ៊ុន Nissan គឺជាក្រុមហ៊ុនធំបំផុតមួយដែលបានសម្រេចចិត្តចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនរថយន្តបារាំង Renault បានលក់ភាគហ៊ុនមួយភាគធំនៃក្រុមហ៊ុន Avatovaz ទៅកាន់វិនិយោគិនរុស្ស៊ីកាលពីខែឧសភា៕