អត្រាអតិផរណានៅក្នុងប្រទេសឡាវ កើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានរយ:ពេល ២២ ឆ្នាំ

អន្តរជាតិ

បើយោងតាមការិយាល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងថា អត្រាអតិផរណានៅក្នុងប្រទេសឡាវ បានបន្តកើនឡើងពីកម្រិត ៣០,០១% នៅក្នុងខែសីហា ដល់ ៣៤% នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង កម្រិតនេះ បានធ្វើឱ្យអត្រាអតិផរណារបស់ឡាវ ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ២២ ឆ្នាំចុងក្រោយ ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃម្ហូបអាហារ ឱសថ ប្រេងឥន្ធន: និងទំនិញប្រើប្រាស់ផ្សេងៗទៀត ។

គួរឱ្យដឹងថា អតិផរណនៅក្នុងប្រទេសឡាវ បានកើនឡើងយ៉ាងខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ២០២១ មក ហើយឥឡូវនេះ ពួកគេបានក្លាយជាប្រទេសដែលមានអត្រាអតិផរណាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

មិនតែប៉ុណ្ណោះ បើតាមការិយាល័យស្ថិតិឡាវ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែផលិតភាពទាប និងមានការពឹងផ្អែកខ្លាំងទៅលើការនាំចូល ដូច្នេះហើយទើបធ្វើឱ្យមានការកើនឡើងជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃទំនិញប្រើបាស់ ។

លើសពីនេះ ជាមួយនឹងកម្សោយនៃប្រាក់គីប រួមទាំងបញ្ហាទឹកជំនន់ ដែលបានបំផ្លាញដំណាំ និងទ្រព្យសម្បត្តិផ្សេងទៀត បានធ្វើឱ្យមានតម្រូវការអាហារកាន់តែច្រើននៅទីផ្សារក្នុងស្រុក។ ក្នុងខែកញ្ញា តម្លៃអាហារ និងភេសជ្ជៈបានកើនឡើងដល់ ៤,៩% ពីមួយខែទៅមួយខែ និង ៣៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ៕