ការធ្វើសប្បុរសធម៌ គឺជាសកម្មភាពមួយដែលក្រុមមហាសេដ្ឋីរមែងធ្វើមិនសូវខានឡើយ ហើយថ្មីៗនេះ គូស្វាមី Rob និង Karen Hale ក៏ជាមហាសេដ្ឋីចូលចិត្តការចែករំលែកដូចគ្នាដែរ ដោយឆ្នាំនេះលោកបានទម្លាយថា នឹងបរិច្ចាគទឹកប្រាក់ ៥២ លានដុល្លារ។

យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានទម្លាយថា ទឹកប្រាក់ ៥២ លានដុល្លារ នឹងផ្ដល់ទៅកាន់អង្គការសប្បុរសធម៌ក្រៅរដ្ឋាភិបាលយ៉ាងតិច ៥២ កន្លែង ហើយនឹងផ្ដល់ជូន ១ លានដុល្លាររៀងរាល់សប្ដាហ៍។
គួររំលឹកដែរថា តាំងពីមានការផ្ទុះជំងឹរាតត្បាតកូវីដ ១៩ មក អង្គការក្រៅរដ្ឋាភិបាលជាច្រើនមានបញ្ហាជាមួយនឹងប្រភពចំណូល បណ្ដាលឲ្យសកម្មភាពរបស់ពួកគេកកស្ទះជាខ្លាំង តែសំណាងល្អដែលក្រុមមហាសេដ្ឋីជាច្រើនដូចជា ប្ដីប្រពន្ធ Hales និងអតីតភរិយាស្ថាបនិក Amazon លោកស្រី Mackenzie Scott ដែលតែងតែជួយផ្គត់ផ្គង់ដល់ពួកគេ។

សូមជម្រាបថា មហាសេដ្ឋី Rob hale គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Granite Telecommunications ក៏ដូចជាសហម្ចាស់ក្លឹបបាល់បោះ Boston Celtics ហើយទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ៥ ពាន់លានដុល្លារ៕