កាលពីសប្ដាហ៍មុន Opec+ បានយល់ព្រមកាត់បន្ថយការបូមប្រេងផ្គត់ផ្គង់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីអាចជំរុញការបង្កើនតម្លៃប្រេងដែលបានធ្លាក់ចុះពី ១២០ ដុល្លារ មក ៩០ ដុល្លារកាលពី ៣ ខែមុន។

ការសម្រេចចិត្តរបស់ Opec+ មួយនេះ បានធ្វើឲ្យសហរដ្ឋអាមេរិកមានការប្រតិកម្មយ៉ាងខ្លាំង រហូតលោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានផ្ដល់យោបល់ដល់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ត្រូវតែបង្កកជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយអារ៉ាប៊ីសាអូឌីត រួមទាំងការលក់អាវុធផងដែរ។ នេះបើតាមការចុះផ្សាយពី Reuters។

ទាក់ទងនឹងសំណើរបស់លោក Menendez ថ្នាក់ដឹកនាំអាមេរិកក៏បានពិចារណាផងដែរ ដោយលោកគ្រាន់តែបង្ហើបថា ការសម្រេចចិត្តរបស់ Opec+ នឹងបង្កឲ្យមានផលវិបាកចំពោះទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត។

សូមជម្រាបដែរថា បន្ទាប់ពី Opec+ ប្រកាសពីការសម្រេចចិត្តបែបនេះ ក្រុមមន្ត្រីអាមេរិកក៏បានប្រញាប់ធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីតភ្លាមៗ ដើម្បីបញ្ចុះបញ្ចូលឲ្យបញ្ឈប់ពីគំនិតកាត់បន្ថយការផ្គត់ផ្គង់ប្រេង ប៉ុន្តែព្រះអង្គម្ចាស់ Mohammed bin Salman ទ្រង់មិនបានផ្លាស់ប្ដូរការសម្រេចចិត្តមួយនេះឡើយ៕