សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែបង្ហាញភាពក្ដៅគគុក ក្រោយរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលច្រើនជាង ៨០ គ្រាប់ សាចទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

មិនបង្អង់យូរ ក្រុមមេដឹកនាំ G7 ដែលមានដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំភ្លាមៗដើម្បីរកដំណោះស្រាយចំពោះបញ្ហាមួយនេះ។

ជាលទ្ធផល ថ្នាក់ដឹកនាំរបស់ប្រទេសទាំង ៧ ខាងលើ បានប្រកាសជាសាធារណៈថា ពួកគេនឹងជួយផ្គត់ផ្គង់ដល់អ៊ុយក្រែនសព្វគ្រប់បែបយ៉ាង រហូតដល់បញ្ចប់សង្គ្រាម មិនថាវានឹងអូសបន្លាយដល់ពេលណាឡើយ។ នេះបើតាមការចុះផ្សាយពី CNA

“ពួកយើងនឹងបន្តផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ជំនួយសប្បុរសធម៌ ផ្នែកយោធា ការគាំទ្រផ្នែកការទូត និងផ្លូវច្បាប់ ហើយនឹងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន រហូតដល់ពេលណាក៏ដោយ។ ពួកយើងបានធានាដល់ប្រធានាធិបតី Zelensky ចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ការគាំទ្រដែលអ៊ុយក្រែនត្រូវការដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេ”។ នេះបើតាមអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់ G7៕