ក្រុមហ៊ុនអ្នកមានបំផុតលើលោក SpaceX កំពុងត្រៀមសុំការអនុញ្ញាតបង្ហោះផ្កាយរណបទៅកាន់លំហអាកាស ដើម្បីផ្គត់ផ្គង់អ៊ីនធឺណិតនៅប្រទេសឥណ្ឌាក្រោមស្លាកយីហោ Starlink ខណៈក្រុមហ៊ុនរបស់ Elon Musk គឺជាក្រុមហ៊ុនទី ៣ ដែលបានស្នើរដ្ឋាភិបាលឥណ្ឌាចំពោះបញ្ហាមួយនេះ។ នេះបើតាមការចុះផ្សាយពី Economic Times។

ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពីសុំសិទ្ធបង្ហោះផ្កាយរណប SpaceX ក៏នឹងស្នើសុំសិទ្ធចុះចត ក៏ដូចជាការប្រឡូកចូលទីផ្សារអ៊ីនធឺណិតក្នុងស្រុកផងដែរ ស្របពេលសំណើទាំងនេះនឹងត្រូវត្រួតពិនិត្យពីនាយកដ្ឋានទូរគមនាគមន៍ ហៅកាត់ DoT។
គួររំលឹកដែរថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌាបានបង្គាប់ឲ្យក្រុមហ៊ុន Starlink ប្រគល់ប្រាក់កក់ដែលប្រជាជនបានបញ្ជាទិញសេវាកម្មមួយនេះ មុនពេលក្រុមហ៊ុនមហាសេដ្ឋីមានបំផុតលើលោក មិនទាន់ទទួលបានអាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រទេស។

សូមជម្រាបបន្ថែមថា ក្រោយឃើញការបរាជ័យដំបូងរបស់ Starlink ក្រុមហ៊ុនយក្ស ២ ទៀតក៏ចាប់ផ្ដើមបោះជំហានលើដានចាស់របស់ក្រុមហ៊ុនអាមេរិក គឺ Bharti Group និង Reliance Jio Infocomm ក៏បានដាក់សំណើទៅកាន់រដ្ឋាភិបាលផងដែរ ប៉ុន្តែក្រុមហ៊ុនទាំង ៣ នេះនៅមិនទាន់ទទួលបានការឆ្លើយតបវិញនៅឡើយ៕